ប៉ាឡេស្ទីន ៖ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃសៅរ៍ (២០ មេសា) ថាចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីប ពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តបានកើនឡើងដល់ជាង ៣៤.០០០ នាក់។
ក្រសួងនិយាយថា កងទ័ពអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ៣៧ នាក់ និងបង្ករបួស ៦៨ នាក់ទៀតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៣៤.០៤៩ នាក់ និងអ្នករបួសដល់ ៧៦.៩០១ នាក់ ចាប់តាំងពីជម្លោះអ៊ីស្រាអែល-ហាម៉ាស បានផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មក។
ប្រភពវេជ្ជសាស្រ្តប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃសៅរ៍ថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ១០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល កាលពីយប់ថ្ងៃសុក្រ លើអគារលំនៅដ្ឋានមួយនៅក្នុងទីក្រុង រ៉ាហ្វា (Rafah) ភាគខាងត្បូងហ្កាហ្សា។ អ្នកស្លាប់ ៦ នាក់ក្នុងចំណោមនោះគឺជាកុមារ ហើយក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកមនុស្សដែលនៅតែកប់នៅក្រោមគំនរបាក់បែក។
បើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានឱ្យដឹងថា កាលពីថ្ងៃសៅរ៍ កងកម្លាំងអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើជំរំជនភៀសខ្លួន នូសៃរ៉ាត់ (Nuseirat) នៅកណ្តាលហ្កាហ្សាស្រ្ទីប និងជំរំជនភៀសខ្លួន ចាបាលីយ៉ា (Jabalia) នៅភាគខាងជើងហ្កាហ្សាស្រ្ទីប ដោយបានសម្លាប់ និងបង្ករបួសដល់ជនជាតិប៉ាឡេស្ទីនជាច្រើននាក់ទៀត៕

