លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្តេជ្ញាថានឹងបដិសេធរាល់ការដាក់ទណ្ឌកម្មលើយោធារបស់ប្រទេសនេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ថាសហរដ្ឋអាមេរិកគ្រោងនឹងកាត់បន្ថយជំនួយដល់អង្គភាពមួយ។
នាយករដ្ឋមន្ត្រី បាននិយាយកាលពីថ្ងៃអាទិត្យថា លោកនឹងតតាំងឲ្យអស់ពីកម្លាំងរបស់លោក។

ថ្មីៗនេះ គេហទំព័រព័ត៌មាន អាស៊ីអូស (Axios) បាននិយាយថា សហរដ្ឋអាមេរិកនឹងដាក់គោលដៅលើកងវរសេនាតូច ណេតហ្សា យ៉េហ៊ូដា (Netzah Yehuda)របស់អ៊ីស្រាអែល ជុំវិញការចោទប្រកាន់ថាមានការរំលោភសិទ្ធិមនុស្សនៅក្នុងតំបន់ West Bank ដែលខ្លួនកាន់កាប់។

ទូរទស្សន៍ BBC យល់ថា រាល់ទង្វើនឹងកើតឡើងក្រោមបម្រាមរបស់សហរដ្ឋអាមេរិកលើជំនួយដល់អង្គភាពបរទេសដែលជាប់ពាក់ព័ន្ធនឹងការរំលោភបំពាននានា។
នៅពេលត្រូវបានសួរកាលពីសប្តាហ៍មុនអំពីរបាយការណ៍ដែលថាជំនួយយោធារបស់សហរដ្ឋអាមេរិកដល់អង្គភាពរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) អាចត្រូវបានកាត់បន្ថយ ជុំវិញការចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្សនៅក្នុងតំបន់ West Bank រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយថា លោកបានប្តេជ្ញារួចចិត្តហើយ អ្នកអាចរំពឹងថានឹងឃើញទណ្ឌកម្មនៅប៉ុន្មានថ្ងៃខាងមុខ។
ទីក្រុង វ៉ាស៊ីនតោន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ីស្រាអែល មិនដែលផ្អាកជំនួយដល់អង្គភាព IDF កាលពីកន្លងទៅទេ។

យោធាអ៊ីស្រាអែលបាននិយាយថា កងវរសេនាតូច ណេតហ្សា យ៉េហ៊ូដា (Netzah Yehuda) កំពុងធ្វើប្រតិបត្តិការស្របតាមច្បាប់អន្តរជាតិ។រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានអំពាវនាវឱ្យសហរដ្ឋអាមេរិកដកចេតនាដាក់ទណ្ឌកម្មលើកងវរសេនាតូចនេះ ដោយនិយាយថា ពេលនេះ ពិភពលោកកំពុងឃ្លាំមើលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាន់តែជិតស្និទ្ធជាងពេលណាៗទាំងអស់៕