ប្រជាជនកូឡុំប៊ី រាប់ម៉ឺននាក់ បានដើរដង្ហែក្បួនតវ៉ាកាលពីថ្ងៃអាទិត្យ (២១ មេសា) ប្រឆាំងនឹងកំណែទម្រង់សេដ្ឋកិច្ច និងសង្គមដែលត្រូវបានស្នើឡើងដោយរដ្ឋាភិបាលឆ្វេងនិយមរបស់លោកប្រធានាធិបតី ហ្គាស់ស្តាវ៉ូ ផេត្រូ (Gustavo Petro) ដែលជាបាតុកម្មចុងក្រោយបង្អស់ប្រឆាំងនឹងគោលនយោបាយរបស់ប្រធានាធិបតីរូបនេះ។

កំណែទម្រង់ ដែលលោក ផេត្រូ និយាយថានឹងប្រយុទ្ធប្រឆាំងនឹងវិសមភាពដ៏ស៊ីជម្រៅ ប៉ុន្តែគូប្រជែងនិយាយថានឹងធ្វើឱ្យខូចសេដ្ឋកិច្ចរបស់ប្រទេសដែលកំពុងជួបការលំបាកនោះ គឺជាយុទ្ធនាការដ៏សំខាន់សម្រាប់មេដឹកនាំវ័យ ៦៤ ឆ្នាំ ដែលបានចូលកាន់តំណែងក្នុងឆ្នាំ២០២២ រូបនេះ។

ទោះបីជាមេឃមានពពកអាប់អួរ និងមានភ្លៀងក៏ដោយ មនុស្សប្រហែល ៧០.០០០ នាក់បានដើរដង្ហែតវ៉ាក្នុងរដ្ឋធានីបូហ្គោតា នេះបើយោងតាមការប៉ាន់ស្មានរបស់រដ្ឋាភិបាលទីក្រុង ដោយបាតុករនាំគ្នាស្រែកពាក្យប្រឆាំងនឹងកំណែទម្រង់ និងប្រឆាំងលោក ផេត្រូ ខណៈគ្រវីទង់ជាតិ និងផ្លុំត្រែ មុនពេលប្រមូលផ្តុំគ្នានៅកណ្តាលទីលានចតុរង្គ បូលីវ៉ា (Bolivar)។

ការតវ៉ានេះកើតឡើងបន្ទាប់ពីគណៈកម្មាធិការព្រឹទ្ធសភាកាលពីដើមខែនេះ បានច្រានចោលសំណើកំណែទម្រង់សុខភាពដែលមានបំណងដកអំណាចពីក្រុមហ៊ុនធានារ៉ាប់រង និងពង្រីកលទ្ធភាពទទួលបានសេវាថែទាំសុខភាព ខណៈដែលរដ្ឋាភិបាលបានគ្រប់គ្រងក្រុមហ៊ុនធានារ៉ាប់រងធំចំនួនពីរ ដែលខ្លួនបាននិយាយថា មិនបានថែទាំអ្នកជំងឺឱ្យបានត្រឹមត្រូវ៕