ទាហានហ្វីលីពីន និងសហរដ្ឋអាមេរិក ជិត ១៧.០០០ នាក់ បានចាប់ផ្តើមសមយុទ្ធហ្វឹកហ្វឺនប្រយុទ្ធរួមគ្នារយៈពេល ៣ សប្តាហ៍ក្នុងប្រទេសហ្វីលីពីន នៅថ្ងៃចន្ទ (២២ មេសា) នេះ ពាក់ព័ន្ធនឹងសមយុទ្ធដែនសមុទ្រនៅសមុទ្រចិនខាងត្បូង ជាទីដែលទីក្រុងម៉ានីល និងទីក្រុងប៉េកាំង មានការប៉ះទង្គិចព្រំដែនសមុទ្រជារឿយៗ។

បារាំង និងអូស្ត្រាលី ដែលបានបង្កើនទំនាក់ទំនងការពារជាតិជាមួយទីក្រុងម៉ានីល ដោយប្រឈមមុខនឹងអាកប្បកិរិយាឈ្លានពានរបស់ចិននៅសមុទ្រចិនខាងត្បូង ក៏នឹងចូលរួមក្នុងសមយុទ្ធដែនសមុទ្រនេះដែលនឹងត្រូវធ្វើឡើងជាលើកដំបូងនៅខាងក្រៅដែនទឹកហ្វីលីពីន។

សមយុទ្ធ បាលីកាតាន់ (Balikatan) ឬ «ប្រកៀកស្មាប្រយុទ្ធ» ប្រចាំឆ្នាំ ដែលប្រព្រឹត្តទៅពីថ្ងៃទី២២ ខែមេសា នេះដល់ថ្ងៃទី១០ ខែឧសភា នេះកើតឡើងស្របពេលមានការកើនឡើងនៃជម្លោះការទូត និងការប៉ះទង្គិចគ្នាតាមសមុទ្ររវាងហ្វីលីពីន និងចិន រួមទាំងការប្រើកាណុងបាញ់ទឹក និងវាយប្រហារពាក្យសម្ដីដ៏ក្តៅគគុក។

សម្ពាធកាន់តែខ្លាំងឡើងរបស់ទីក្រុងប៉េកាំង នៅសមុទ្រចិនខាងត្បូង បានធ្វើឱ្យទីក្រុងម៉ានីល ដែលជាគូប្រជែងទាមទារទឹកដីដែនសមុទ្រមានជម្លោះ និងរដ្ឋផ្សេងទៀតដែលកំពុងប្រតិបត្តិការនៅទីនោះ រួមទាំងសហរដ្ឋអាមេរិក បានអះអាងឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីការពារហ្វីលីពីនប្រឆាំងនឹងការឈ្លានពានដោយប្រដាប់អាវុធនៅក្នុងសមុទ្រចិនខាងត្បូង៕