មនុស្សរាប់រយនាក់ បានចេញធ្វើបាតុកម្មឆ្លងកាត់ទីក្រុង Agadez ភាគខាងជើងប្រទេសនីហ្សេ កាលពីថ្ងៃអាទិត្យ ដើម្បីទាមទារឱ្យដកកងទ័ពសហរដ្ឋអាមេរិកចេញពីមូលដ្ឋានយោធានៅទីនោះ មួយថ្ងៃបន្ទាប់ពីប្រភពព័ត៌មាននានាបាននិយាយថា កិច្ចព្រមព្រៀងមួយត្រូវបានឈានដល់រវាងទីក្រុង នីអាម៉ាយ(Niamey) និងទីក្រុង Washington ដើម្បីចាប់ផ្តើមការដកទ័ព។

មានកងទ័ពសហរដ្ឋអាមេរិកជាង ១.០០០នាក់នៅក្នុងប្រទេសនីហ្សេ គិតត្រឹមឆ្នាំមុន ជាកន្លែងដែលយោធាអាមេរិកបានធ្វើប្រតិបត្តិការក្នុងចំណោមមូលដ្ឋានចំនួនពីរ រួមមានមូលដ្ឋានយានដ្រូនដែលគេស្គាល់ថាជាមូលដ្ឋានទ័ពអាកាស ២០១ ដែលសាងសង់នៅជិតទីក្រុង Agadez ភាគកណ្តាលប្រទេសនីហ្សេ ដោយចំណាយអស់ជាង១០០លានដុល្លារ។ ចាប់តាំងពីឆ្នាំ ១០១៨ មក មូលដ្ឋាននេះ ត្រូវបានប្រើប្រាស់ដើម្បីកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម និង ក្រុមដែលជាសាខារបស់ក្រុមអាល់កៃដា នៅក្នុងតំបន់ Sahel ។

កាលពីឆ្នាំមុន កងទ័ពប្រទេសនីហ្សេ បានដណ្តើមអំណាចក្នុងរដ្ឋប្រហារមួយ រហូតដល់ប្រទេសនីហ្សេ ក្លាយជាដៃគូសន្តិសុខសំខាន់របស់សហរដ្ឋអាមេរិក និងប្រទេសបារាំង។ ប៉ុន្តែអាជ្ញាធរថ្មី បានចូលរួមជាមួយរដ្ឋាភិបាលយោធានៅក្នុងប្រទេសជិតខាងម៉ាលី និងបួគីណាហ្វាសូ ក្នុងការបញ្ចប់កិច្ចព្រមព្រៀងយោធាជាមួយសម្ព័ន្ធមិត្តប្រទេសលោកខាងលិច ដូចជាទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉ារីស ដោយបានចាកចេញពីប្លុកនយោបាយ និងសេដ្ឋកិច្ចប្រចាំតំបន់ ECOWAS និងជំរុញទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រទេសរុស្ស៊ី។
ប្រភពព័ត៌មានបានប្រាប់សារព័ត៌មានរ៉យទ័រ ថានៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ នឹងមានការសន្ទនាអំពីរបៀបនៃការដកទ័ព ប៉ុន្តែទំនាក់ទំនងការទូត និងសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិក និងប្រទេសនីហ្សេ នឹងបន្ត។