ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយកាលពីថ្ងៃអាទិត្យ (២១ មេសា) ថា ក្រុមជនអន្ធពាលប្រដាប់អាវុធបានបើកការវាយប្រហារថ្មីៗទៅលើផ្នែកខ្លះនៃរដ្ឋធានី ព័រអូប្រាំង របស់ប្រទេសហៃទី មុនពេលការដំឡើងក្រុមប្រឹក្សាអន្តរកាលដែលកំណត់ដើម្បីដឹកនាំរដ្ឋាភិបាលថ្មី ខណៈអ្នកស្រុកដោយរាយការណ៍ថាមានការដុតភ្លើង និងការបាញ់កាំភ្លើងយ៉ាងខ្លាំងក្លានៅកណ្តាលទីក្រុង។

វិទ្យុ តេលេ ហ្កាឡាក់ស៊ី (Tele Galaxie) បាននិយាយនៅលើបណ្ដាញសង្គម X ដោយនិយាយថា តំបន់ជាយក្រុង ឡូវើ ឌែលម៉ាស (Lower Delmas) កំពុងប្រែទៅជា «សមរភូមិប្រយុទ្ធរវាងនគរបាល និងក្រុមប្រដាប់អាវុធ» ដោយនិយាយថា ការផ្ទុះយ៉ាងខ្លាំងត្រូវបានគេឮរហូតដល់សាលាក្រុងនៃតំបន់លំនៅឋាននេះ និងការបាញ់កាំភ្លើងនៅជិតវិមានជាតិ។

ចលាចលនេះកើតឡើងនៅពេលដែលប្រទេសនេះរៀបចំសម្រាប់ការដំឡើងក្រុមប្រឹក្សាដែលមានសមាជិកប្រាំបួនរូបដើម្បីចូលកាន់តំណែងបន្តពីនាយករដ្ឋមន្ត្រី អារីយ៉ែល ហុងរី (Ariel Henry) ដែលបានសន្យាថានឹងចុះចេញពីតំណែងនៅថ្ងៃទី១១ ខែមីនា ខណៈពេលដែលខ្លួនកំពុងជាប់គាំងនៅខាងក្រៅប្រទេស និងស្ថិតនៅក្រោមសម្ពាធពីសហរដ្ឋអាមេរិក។
ក្រុមជនអន្ធពាលហៃទី ដែលភាគច្រើនបានប្រមូលផ្តុំគ្នាជាក្រុមក្រោមសម្ព័ន្ធភាពដែលគេស្គាល់ថាឈ្មោះ «វីវ អុងសុន» (Viv Ansanm) ឬហៅថា «រស់នៅជាមួយគ្នា» បាននិយាយថា ការឡោមព័ទ្ធរបស់ពួកគេលើរដ្ឋធានីគឺជាការប្រយុទ្ធដើម្បីបណ្តេញលោក ហុងរី ពីតំណែង ប៉ុន្តែចាប់តាំងពីការប្រកាសចេញពីតំណែងរបស់លោក ការវាយប្រហារលើរដ្ឋធានីបានកើនឡើងកាន់តែខ្លាំងជាងមុន។
ក្រុមសិទ្ធិមនុស្សប៉ាន់ប្រមាណថាប្រហែល ៩០ ភាគរយនៃរដ្ឋធានីឥឡូវនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមប្រដាប់អាវុធទាំងនោះ៕