ប្រភពសន្តិសុខអ៊ីរ៉ាក់ចំនួនពីរបានប្រាប់សារព័ត៌មាន រ៉យទ័រ ថា យ៉ាងហោចណាស់គ្រាប់រ៉ូកែតចំនួន ៥ គ្រាប់ត្រូវបានបាញ់ចេញពីភូមិ ហ៊្សូមម៉ា (Zummar) របស់អ៊ីរ៉ាក់ ឆ្ពោះទៅកាន់មូលដ្ឋានយោធាសហរដ្ឋអាមេរិក មួយនៅភាគឦសានប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យ (២១ មេសា)។

ការវាយប្រហារប្រឆាំងនឹងកងកម្លាំងអាមេរិកនេះ គឺជាលើកទីមួយចាប់តាំងពីដើមខែកុម្ភៈ នៅពេលដែលក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់ បានបញ្ឈប់ការវាយប្រហាររបស់ពួកគេប្រឆាំងនឹងកងទ័ពសហរដ្ឋអាមេរិក។
ការវាយប្រហារនេះកើតឡើងមួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក ម៉ូហាម៉េដ សៀ អាល់ស៊ូដានី (Mohammed Shia al-Sudani) ត្រឡប់មកពីទស្សនកិច្ចនៅសហរដ្ឋអាមេរិក ហើយបានជួបជាមួយលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) នៅសេតវិមាន។

ការបង្ហោះនៅលើបណ្ដាញតេលេក្រាម ដែលមានទំនាក់ទំនងជាមួយក្រុម កាតាអ៊ីប ហេសបូឡា (Kataib Hezbollah) បាននិយាយថា ក្រុមប្រដាប់អាវុធនៅអ៊ីរ៉ាក់ បានសម្រេចចិត្តបន្តការវាយប្រហារឡើងវិញក្រោយការផ្អាកជិតបីខែ បន្ទាប់ពីឃើញមានការរីកចម្រើនតិចតួចលើកិច្ចពិភាក្សាដើម្បីបញ្ចប់សម្ព័ន្ធយោធាដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេស។
មន្ត្រីអាមេរិកម្នាក់បានហៅការហេតុការណ៍នោះថាជា «ការវាយប្រហារដោយគ្រាប់រ៉ូកែតបរាជ័យ» ប៉ុន្តែគេមិនច្បាស់ភ្លាមៗទេថា តើគ្រាប់រ៉ូកែតនោះបានបរាជ័យក្នុងការវាយលុកមូលដ្ឋាន ឬត្រូវបានបំផ្លាញមុនពេលទៅដល់ ហើយក៏មិនច្បាស់ដែរថាតើមូលដ្ឋានអាមេរិកនោះ គឺជាគោលដៅពិតប្រាកដសម្រាប់ការវាយប្រហារ ឬយ៉ាងណា៕