បន្ទាយមានជ័យ៖ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២១ ខែមេសានេះ បានបញ្ជូន ជនសង្ស័យចំនួន ៥នាក់ ទៅសាលាដំបូងខេត្ត ក្រោយការឃាត់ខ្លួនពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ការឃាត់ខ្លួនជនសង្ស័យទាំងនេះ បានធ្វើឡើងនៅចំណុចមុខក្លឹប Max Club ក្នុងភូមិក្បាលស្ពាន១ សង្កាត់ អូរជ្រៅ ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១៩ ខែមេសា នេះ ។

ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្រ្កាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀន នៅចំណុចលើផ្លូវមុខក្លឹប Max Club ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ៖ ១-ឈ្មោះ ខិញ សុភា ហៅ គោ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្នភូមិព្រៃ ព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (រក្សាទុក និងប្រើប្រាស់), ២-ឈ្មោះ អៀង ចាន់ដារ៉ា ហៅ រ៉ា ភេទ ប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្នភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត (ជួញដូរ និងប្រើប្រាស់), ៣-ឈ្មោះ សំ សុធា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំ នៅបច្ចុប្បន្ន ភូមិមិត្តភាព សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (រក្សាទុក និងប្រើប្រាស់), ៤-ឈ្មោះ សែម សុខ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ទីលំនៅបច្ចុប្បន្នភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត (ជួញដូរ), ៥-ឈ្មោះ ហង្ស សំណាង ហៅ ឆាយ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករអូសរទេះ ទីលំនៅបច្ចុប្បន្ន ភូមិមិត្តភាព សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (ជួញដូរ និងប្រើ ប្រាស់)។

ឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនោះកម្លាំងអាវុធហត្ថ ចាប់យកសម្ភារវត្ថុតាងរួម មាន៖ គ្រឿងញៀន ប្រភេទ (កេតាមីន) ចំនួន ០២ថង់ធំ និង១៣៣កូនថង់ ទម្ងន់ ៤២៣,៩៦ក្រាម, គ្រឿងញៀន ប្រភេទ (អ៊ិចស្តាស៊ី) ចំនួន៤២ថង់ ស្មើនឹង៧០១គ្រាប់ ទម្ងន់៣២៨,៩ក្រាម, កញ្ចប់ម្សៅរូប សេះពណ៌ក្រហម, កញ្ចប់ម្សៅរូបផ្លែទំពាំងបាយជូរ ពណ៌ក្រហម និងពណ៌ស្វាយ (អ៊ិចស្តាស៊ី) ចំនួន៣០ កញ្ចប់ ទម្ងន់៣៣២,៣៥ក្រាម ម្សៅម៉ត់ពណ៌ទឹកដោះគោ ចំនួន០៦កូនថង់ ទម្ងន់៤៨,៣ក្រាម,ជញ្ជីង សម្រាប់ថ្លឹង ចំនួន០១គ្រឿង ម៉ូតូ ០៣គ្រឿង ទូរស័ព្ទ ចំនួន០៧គ្រឿង និងវត្ថុតាងមួយចំនួនទៀត៕ អត្ថបទ៖ រឿង ចន្ទ្រា

