អឺរ៉ុប កំពុងប្រឈមមុខនឹងបញ្ហាកម្ដៅកាន់តែខ្លាំង ដែលរាងកាយមនុស្សមិនអាចទប់ទល់បាន ដោយសារបម្រែបម្រួលអាកាសធាតុនៅតែបន្តកើនឡើង នេះបើយោងតាមសេវាត្រួតពិនិត្យអាកាសធាតុ គូពែរនិច (Copernicus) របស់សហភាពអឺរ៉ុប និងអង្គការឧតុនិយមពិភពលោកបាននិយាយនៅថ្ងៃចន្ទ (២២ មេសា) នេះ។

នៅក្នុងរបាយការណ៍ស្តីពីអាកាសធាតុរបស់អឺរ៉ុប ទីភ្នាក់ងារ គូពែរនិច និងអង្គការ WMO បានលើកឡើងពីស្ថានភាពធ្ងន់ធ្ងរកាលពីឆ្នាំមុន រួមទាំងរលកកម្ដៅខែកក្កដា ដែលបានរុញតួលេខ ៤១ ភាគរយនៃអឺរ៉ុបខាងត្បូង ឱ្យស្ថិតក្រោមភាពតានតឹងផ្លូវចិត្ត (ស្រ្តេស) ពីកម្ដៅខ្លាំង ឬលើសកម្រិត ដោយនេះជាតំបន់ធំបំផុតមិនធ្លាប់មានរបស់ទ្វីបអឺរ៉ុប ដែលស្ថិតក្រោមលក្ខខណ្ឌបែបនេះក្នុងកំណត់ត្រា។

កម្ដៅខ្លាំង បង្កហានិភ័យសុខភាព ជាពិសេសចំពោះអ្នកធ្វើការនៅទីវាល មនុស្សវ័យចំណាស់ និងអ្នកដែលមានបញ្ហាសុខភាពស្រាប់ ដូចជាជំងឺសរសៃឈាមបេះដូង និងជំងឺទឹកនោមផ្អែម។ បញ្ហាស្ត្រេសដោយសារកម្ដៅ វាស់ស្ទង់ឥទ្ធិពលដែលបរិស្ថានមានលើរាងកាយមនុស្ស ដោយរួមបញ្ចូលកត្តាដូចជាសីតុណ្ហភាព សំណើម និងការឆ្លើយតបរបស់រាងកាយដើម្បីបង្កើតឱ្យមានសីតុណ្ហភាព «សមស្រប»។
ផ្នែកខ្លះនៃប្រទេសអេស្ប៉ាញ បារាំង អ៊ីតាលី និងក្រិក បានជួបប្រទះភាពតានតឹងពីកម្ដៅខ្លាំងរហូតដល់ដប់ថ្ងៃក្នុងឆ្នាំ២០២៣ ដែលត្រូវបានកំណត់ថាប្រជាជន «មានអារម្មណ៍ក្ដៅពីសីតុណ្ហភាពលើសពី ៤៦ អង្សារសេ» ដែលនៅចំណុចនោះត្រូវតែចាត់វិធានការជាបន្ទាន់ ដើម្បីជៀសវាងការសន្លប់ដោយសារកម្ដៅខ្លាំង និងបញ្ហាសុខភាពផ្សេងៗទៀត៕