សម្ព័ន្ធជាតិនៃអង្គការស្ត្រី ឬហៅថាសម្ព័ន្ធ ហ្កាប្រ៊ីអ៊ែលឡា (GABRIELA) នៅក្នុងប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យ (២១ មេសា) បានបង្កើនការព្រួយបារម្ភអំពីវត្តមានរបស់ទាហានសហរដ្ឋអាមេរិក ជាង ១១.០០០ នាក់នៅក្នុងប្រទេសដើម្បីចូលរួមក្នុងសមយុទ្ធយោធាប្រចាំឆ្នាំរួមគ្នា។

ទាហានអាមេរិកជាង ១១.០០០ នាក់ និងទាហានហ្វីលីពីន ៥.០០០ នាក់ នឹងចូលរួមក្នុងសមយុទ្ធរួមគ្នាដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ខែមេសា នេះដល់ថ្ងៃទី១០ ខែឧសភា។ ទាហានអាមេរិក ជាច្រើនបានមកដល់ហ្វីលីពីន ក្នុងខែមីនា សម្រាប់សកម្មភាពប្រយុទ្ធរួមគ្នាដែលនាំទៅដល់សមយុទ្ធ បាលីកាតាន់ (Balikatan) ឬហៅថា «ប្រកៀកស្មាប្រយុទ្ធ»។

លោកស្រី ឃ្លែរីស ផាល់ស៍ (Clarice Palce) អគ្គលេខាធិការសម្ព័ន្ធ GABRIELA បាននិយាយថា ក្រុមស្ត្រី «បង្កើនការជូនដំណឹងអំពីការកើនឡើងនៃអំពើហិង្សាលើស្ត្រី ជាពិសេសពេស្យាកម្ម និងការរំលោភបំពានផ្លូវភេទ នៅក្នុងតំបន់ដែលត្រូវបានកំណត់សម្រាប់មូលដ្ឋានយោធាសហរដ្ឋអាមេរិក ក្នុងអំឡុងពេលសមយុទ្ធនេះ»។
លោកស្រីបានរិះគន់កិច្ចព្រមព្រៀងយោធាមិនស្មើភាព ដូចជាកិច្ចព្រមព្រៀងកងកម្លាំងបំពេញទស្សនកិច្ច (VFA) និងកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការការពារជាតិ (EDCA) ថាបានផ្តល់ឱ្យទាហានអាមេរិកប្រកបដោយប្រសិទ្ធភាពនូវអាជ្ញាប័ណ្ណដើម្បីប្រព្រឹត្តឧក្រិដ្ឋកម្ម និងបំពានលើប្រជាជនហ្វីលីពីន ដោយមិនប្រឈមមុខនឹងការទទួលខុសត្រូវក្រោមច្បាប់ប្រទេស៕