នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាពិសេសនៅក្នុងពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (the Economic and Social Commission for Asia and the Pacific- ESCAP)។

ក្នុងឱកាសថ្លែងសុន្ទរកថានោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានសម្ដែងការអបអរសាទរដល់លោកស្រីបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក ដែលបានរៀបចំពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងបាំងកក ប្រទេសថៃប្រកបដោយជោគជ័យ ជាពិសេសសំដៅធ្វើយ៉ាងណាឱ្យសម្រេចគោលដៅរបស់ប្រទេសអាស៊ី-ប៉ាស៊ីហ្វិក ទាំងអស់គ្នា។

សម្ដេចធិបតី បានថ្លែងថា សន្និបាតប្រចាំឆ្នាំលើកទី៨០ របស់ UN-ESCAP ក្រោមប្រធានបទ «ការប្រើប្រាស់នវានុវត្តន៍ឌីជីថលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» បានពិភាក្សាលម្អិតអំពីសក្តានុពលនៃបច្ចេកវិទ្យាឌីជីថល និងវិធីសាស្ត្រពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកលដែលកំពុងកើតមាន និងការពន្លឿនការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ក្នុងឱកាសនោះសម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានសម្ដែងការអរគុណដល់ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្ដីថៃ រួមនឹងនិងប្រជាជនថៃដែលបានទទួលស្វាគមន៍សម្ដេច និងគណៈប្រតិភូកម្ពុជា ប្រកបដោយភាពកក់ក្ដៅបំផុតក្នុងដំណើរចូលរួមសន្និបាតនេះ។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា បរិវត្តន៍ឧស្សាហកម្មឌីជី កំពុងដើរតួនាទីសំខាន់ក្នុងការផ្លាស់ប្ដូរការអភិវឌ្ឍ និងសេដ្ឋកិច្ចរបស់ប្រទេសទាំងអស់ក្នុងសកលលោក។ ជាពិសេសនាអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ បានបង្ហាញយ៉ាងច្បាស់អំពីតម្រូវការចាំបាច់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
សម្ដេចធិបតីបញ្ជាក់ថា តាមរយៈបច្ចេកវិទ្យាឌីជីថល ទាំងអស់គ្នាអាចកាត់បន្ថយគម្លាត និងពេលវេលា បានជាច្រើនក្នុងការធ្វើកិច្ចការងារ និងការផ្ដល់សេវាកម្មផ្សេងនៅក្នុងអាជីវកម្ម ពាណិជ្ជកម្ម និងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ហើយសម្រាប់ប្រទេសកម្ពុជា បានចាត់ទុកបច្ចេកវិទ្យាឌីជីថល គឺជាគោលនយោបាយស្នូលមួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

