មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានកោតសរសើរចំពោះការវាយប្រហារនាពេលថ្មីៗនេះរបស់ប្រទេសលោក លើអ៊ីស្រាអែល ខណៈ មិននិយាយសំដៅទៅលើការសងសឹករបស់អ៊ីស្រាអែលនោះទេ។

អ៊ីរ៉ង់ បានបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីស្រាអែល ចាប់ពីថ្ងៃទី ១៣ ខែមេសា។ កាលពីថ្ងៃសុក្រ ការផ្ទុះជាច្រើនបានកើតឡើងនៅប្រទេសអ៊ីរ៉ង់ភាគកណ្តាល ហើយប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា វាគឺជាការសងសឹករបស់អ៊ីស្រាអែល។

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា លោក Khamenei បាននិយាយទៅកាន់មេបញ្ជាការកងកម្លាំងប្រដាប់អាវុធរបស់ប្រទេស កាលពីថ្ងៃអាទិត្យ។ ក្នុងសុន្ទរកថា លោកបាននិយាយសំដៅទៅលើការវាយប្រហាររបស់អ៊ីរ៉ង់។ លោកនិយាយថា ភាគីម្ខាងទៀតខ្វល់ខ្វាយអំពីថាតើមីស៊ីលប៉ុន្មានគ្រាប់ដែលត្រូវបានបាញ់ ឬវាយប្រហារចំគោលដៅ ប៉ុន្តែវាជារឿងសំខាន់ដែលប្រជាជន និងយោធាអ៊ីរ៉ង់ បង្ហាញពីឆន្ទៈរបស់ពួកគេចំពោះពិភពលោក។ លោកពុំបាននិយាយប៉ះពាល់លើវិធានការឆ្លើយតបជាក់ស្តែងរបស់អ៊ីស្រាអែលនោះទេ។
ក្រុមអ្នកសង្កេតការណ៍បាននិយាយថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ បានបញ្ជាក់ថាប្រទេសនេះបច្ចុប្បន្នពុំមានបំណងបង្កើនភាពតានតឹង ដោយធ្វើការវាយប្រហារបន្ថែមទៀតនោះទេ។
កាលពីថ្ងៃសៅរ៍ ការបំផ្ទុះមួយផ្សេងទៀត ដែលពុំបានដឹងមូលហេតុត្រូវបានគេរាយការណ៍ថា បានកើតឡើងនៅមូលដ្ឋានរបស់ក្រុមជីវពលដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់។