សារព័ត៌មាន Politico បានរាយការណ៍ថា សហរដ្ឋអាមេរិក កំពុងពិចារណាអំពីការបញ្ជូនទីប្រឹក្សាយោធាបន្ថែមទៅកាន់ស្ថានទូតរបស់ខ្លួន នៅទីក្រុងគីវ នៅពេលដែលប្រទេសរុស្ស៊ី បន្តប្រតិបត្តិការវាយលុករបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន។

មន្ត្រីអាមេរិក ៤នាក់ដែលមិនបញ្ចេញឈ្មោះ និងអ្នកដែលមិនបញ្ចេញឈ្មោះម្នាក់ទៀតដែលដឹងពីបញ្ហានេះ បានប្រាប់សារព័ត៌មាននេះថា ទាហានបន្ថែម នឹងគាំទ្រជាចម្បងលើការដឹកជញ្ជូន និងត្រួតពិនិត្យអាវុធ ដែលត្រូវបានបញ្ជូនទៅកាន់អ៊ុយក្រែនដោយសហរដ្ឋអាមេរិក។

មន្ត្រីម្នាក់និងអ្នកដែលស្គាល់ផែនការនេះ បាននិយាយថា ពួកគេ ក៏នឹងជួយយោធាអ៊ុយក្រែន ក្នុងការ ថែរក្សាអាវុធផងដែរ។
ពុំទាន់មានការបញ្ជាក់អំពីចំនួនទាហានអាមេរិកបន្ថែម នឹងត្រូវបញ្ជូនទៅអ៊ុយក្រែនទេ បើទោះបីជាមន្ត្រីពីរនាក់ បាននិយាយថា នឹងអាចមានរហូតដល់ ៦០នាក់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សារព័ត៌មាន Business Insider ឧត្តមសេនីយ៍ឯក Patrick Ryder អ្នកនាំពាក្យមន្ទីរបញ្ចកោណ បាននិយាយថា៖«ពេញមួយជម្លោះនេះ ក្រសួងការពារជាតិ បានពិនិត្យ និងកែសម្រួលវត្តមានរបស់យើង នៅក្នុងប្រទេសនេះ ដោយសារលក្ខខណ្ឌសន្តិសុខ ត្រូវបានកែប្រែជាបន្តបន្ទាប់។ បច្ចុប្បន្ននេះ យើងកំពុងពិចារណាអំពីការបញ្ជូនទីប្រឹក្សាបន្ថែម ដើម្បីពង្រីកការិយាល័យសហប្រតិបត្តិការការពារជាតិ (ODC) នៅស្ថានទូត»។
ចំណែកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានប្រទេសលោកខាងលិច ប្រឆាំងនឹងការបញ្ជូនទាហានទៅអ៊ុយក្រែន។