ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយកាលពីថ្ងៃអាទិត្យ (២១ មេសា) ថា ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងស្រុកចំនួន ២២ នៃប្រទេសសូម៉ាលី ត្រូវបានគេរំពឹងថានឹងប៉ះពាល់ដល់មនុស្សប្រហែល ៧៧០.០០០ នាក់។

ការិយាល័យ OCHA បាននិយាយថា ភ្លៀងប្រចាំរដូវដែលចាប់ពីខែមេសា ដល់ខែមិថុនា បានចាប់ផ្តើមនៅក្នុងតំបន់ភាគច្រើននៃប្រទេស ជាមួយនឹងភ្លៀងធ្លាក់ខ្លាំងនៅតំបន់ខ្លះ ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ពីទឹកជំនន់ដ៏គំហុក ឬទឹកជំនន់តាមទន្លេនៅឡើយទេ។

យោងតាមទីភ្នាក់ងារអង្គការសហប្រជាជាតិបានឱ្យដឹងថា ក្រុមមន្រ្តីបានត្រៀមទូកប្រហែល ៥១ គ្រឿងដើម្បីជម្លៀសប្រជាជន និងផ្តល់ជំនួយនៅក្នុងទីតាំងអាទិភាពនៅតាមដងទន្លេ ស្ហាប៊ែល (Shabelle) និងទន្លេ ជូបា (Juba) និងដើម្បីផ្តល់ជំនួយដល់តំបន់ដែលអាចត្រូវបានកាត់ផ្តាច់ ឬជម្លៀសប្រជាជនដែលអាចត្រូវការជំនួយ។
ទោះជាយ៉ាងណា ទីភ្នាក់ងារ UN នេះបន្ថែមថា ភ្លៀងបាននាំមកនូវភាពធូរស្រាលដល់ប្រជាជន និងអ្នកដាំដំណាំនៅទូទាំងប្រទេស ដោយបង្កើតវាលស្មៅឡើងវិញ និងបំពេញចំណុចទឹកដែលបានរីងស្ងួត។
នៅចុងឆ្នាំ២០២៣ ភ្លៀងធ្លាក់ខ្លាំងពីខែតុលា ដល់ខែធ្នូ និងទឹកជំនន់បានធ្វើឱ្យមនុស្ស ១,៦ លាននាក់ផ្លាស់ទីលំនៅចេញពីផ្ទះសម្បែងរបស់ពួកគេ នេះបើយោងតាមអង្គការសហប្រជាជាតិ៕