អឺរ៉ុប៖ ខណៈល្បឿននៃការចាក់វ៉ាក់សាំងបង្ការវីរុស Covid-19 នៅសហភាពអឺរ៉ុបបង្ហាញពីសញ្ញានៃការធ្លាក់ចុះ បណ្ដាមេដឹកនាំកំពុងប្រជែងគ្នាដើម្បីស្វែងរកចម្លើយ ចំពោះភាពលំបាកនៃដំណាក់កាលចាក់វ៉ាក់សាំង បន្ទាប់អំពីវិធីសាស្ត្របញ្ចុះបញ្ចូលពលរដ្ឋដែលមានការស្ទាក់ស្ទើរ ក្នុងការទទួលយកវ៉ាក់សាំង។

ឥលូវនេះ ខណៈដែលវីរុសបម្លែងខ្លួនថ្មី Delta បានរាលដាលពាសពេញទ្វីបនេះដោយគំរាមកំហែង ធ្វើឱ្យមានការអនុវត្តន៍វិធានការបិទខ្ទប់ម្តងទៀត នៅរដូវក្តៅជាពេលមានការឆ្លងខ្លាំង បណ្ដាមេដឹកនាំខ្លះកំពុងព្យាយាមចាកចេញពីការបិទខ្ទប់នេះ។ កាលពីព្រឹកថ្ងៃចន្ទ សភាបារាំងអនុម័តច្បាប់ដែលតម្រូវឲ្យមាន “កាតសុខភាព” ដែលបង្ហាញពីភស្តុតាងនៃការចាក់វ៉ាក់សាំង ឬការធ្វើតេស្ត PCR អវិជ្ជមានដើម្បីចូលភោជនីយដ្ឋាន បារ និងសម្រាប់ការធ្វើដំណើរតាមរថភ្លើង និងយន្តហោះផ្លូវឆ្ងាយដោយចាប់ផ្ដើមពីខែសីហា។ ប្រធានាធិបតីបារាំង លោក Emmanel Macron បានពន្យល់កាលពីពាក់កណ្ដាលខែកក្កដា នៅពេលដែលលោកបានប្រកាសច្បាប់នេះថា “យើងនឹងបន្ថែមពេលវេលាតម្រូវឲ្យមានកាតសុខភាពឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីជំរុញឱ្យមនុស្សជាច្រើនអាចទៅទទួលវ៉ាក់សាំង។ លោកក៏បាននិយាយផងដែរថា ការចាក់វ៉ាក់សាំងនឹងត្រូវការចាំបាច់ សម្រាប់បុគ្គលិកសុខាភិបាលចាប់ពីថ្ងៃទី១៥ ខែកញ្ញា ហើយបានណែនាំអំពីលទ្ធភាពនៃការចាក់វ៉ាក់សាំងបង្ការសម្រាប់មនុស្សគ្រប់គ្នា ប្រសិនបើការរីករាលដាលកាន់តែធ្ងន់ធ្ងរ។

ប្រទេសក្រិកដែលកំពុងប្រឈមនឹងការឆ្លងខ្ពស់ ដែលកំពុងគំរាមកំហែងដល់ការរីកលូតលាស់ នៃឧស្សាហកម្មទេសចរណ៍ដ៏សំខាន់របស់ខ្លួន បានឈានមួយជំហានហួសប្រទេសបារាំង នៅពាក់កណ្ដាលខែកក្កដាមនុស្សដែលមិនបានចាក់វ៉ាក់សាំង មិនឲ្យចូលក្នុងភោជនីយដ្ឋាន បារ ហាងកាហ្វេ និងរោងភាពយន្ត។ ប្រទេសនេះក៏បានបញ្ជាឱ្យចាក់វ៉ាក់សាំងចាំបាច់ សម្រាប់បុគ្គលិកសុខាភិបាលផងដែរ។ ប្រទេសអ៊ីតាលីដែលបានចាក់វ៉ាក់សាំងការពារបុគ្គលិកសុខាភិបាល និងឱសថការីកាលពីខែមេសាបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនក៏នឹងដាក់ការរឹតត្បិតស្រដៀងគ្នានៅក្នុងតំបន់ សម្រាប់ប្រជាជនរបស់ខ្លួនផងដែរ។ សារដែលក្នុងនាមជារដ្ឋាភិបាលគឺយើងចង់ឲ្យប្រជាជនទៅចាក់វ៉ាក់សាំង! ចាក់វ៉ាក់សាំង! ចាក់វ៉ាក់សាំង! នេះបើតាមការឲ្យដឹងពីរដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសនេះ៕
អត្ថបទ៖ សុខមាន