គិតមកដល់ពេលនេះ ចាប់តាំងពីការបើកការដ្ឋាន ដំណើរការសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់ អង្រែក្រោម-ព្រែកប្រា) កំពុងដំណើរសាងសង់ និងសម្រេចបានជាង៧ភាគរយ។ នេះបើតាមការឱ្យដឹងពី ឯកឧត្តម ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់BTV នៅថ្ងៃទី២២ ខែមេសានេះថា បច្ចុប្បន្ន សសរគ្រឹះ ចំនួន២៤ដើម នៃជើងតាងទី៩ បានចាក់បេតុងរួចរាល់១០០ភាគរយ និងកំពុងបន្តរៀបចំដំឡើងពុម្ពជើងតាង។ ដោយឡែកសសរគ្រឹះជើងតាងទី១០ មានចំនួនសរុប១២ដើម ដំណើរការខួងរួច បាន៤ដើម ។

ឯកឧត្តម បានឱ្យដឹងទៀតថា វត្តមានស្ពាននេះ ទៅពេលអនាគត នឹងផ្តល់ផលប្រយោជន៍ ដូចជា ជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅ ខណ្ឌច្បារអំពៅ ។ ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និង ភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ ជាដើម ។

ពលរដ្ឋរស់នៅក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានបង្ហាញក្ដីសប្បាយរីករាយដែលនឹងមាន សមិទ្ធផលស្ពានថ្មីមួយឆ្លងកាត់ទន្លេក្នុងមូលដ្ឋានខ្លួន ដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងកាត់បន្ថយពេលវេលាធ្វើដំណើរ ។
ស្ពានឆ្លងទន្លេបាសាក់ «ចាក់អង្រែក្រោម-ព្រែកប្រា» ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។ ស្ពាននេះ ប្រើប្រាស់ឥណទានសម្បទានពីប្រទេសចិន ដែលមានតម្លៃជាង ៦០លានដុល្លារ និងប្រើប្រាស់រយៈពេលសាងសង់៤២ខែ ៕ អត្ថបទ៖ ទូច សោភ័ណ



