ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ លើកលែងពន្ធអប្បបរមាសម្រាប់ឆ្នាំដំបូង ដល់សហគ្រាសជាគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដែលជាសហគ្រាសទើបចុះបញ្ជីថ្មី និងកាន់បច្ឆិកាគណនេយ្យបានត្រឹមត្រូវ។
អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្ដីណែនាំស្តីពីការលើកលែងពន្ធអប្បបរមាដល់សហគ្រាស ជាគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដោយអនុលោមតាមមាត្រា ២៤ នៃច្បាប់ស្តីពីសារពើពន្ធ, និងមាត្រា ២៦ នៃច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រម ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ និងវិធានការសម្រួល និងការលើកទឹកចិត្តផ្នែកពន្ធដារក្នុងក្របខណ្ឌវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី ១៩ កាលពីថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ២០២៣។
ជុំវិញការលើកទឹកចិត្តនេះ អគ្គនាយកដ្ឋានពន្ធដារ បានណែនាំដល់សហគ្រាសដែលជាគម្រោងវិនិយោគមានលក្ខណសម្បត្តិ គ្រប់គ្រាន់រួមមាន៖ ការទទួលបានការលើកលែងពន្ធអប្បបរមា ដោយត្រូវមានរបាយការណ៍សវនកម្មឯករាជ្យ និងកាន់បច្ឆិកា គណនេយ្យឱ្យបានត្រឹមត្រូវ។ ចំពោះសហគ្រាសគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដែលទើបចុះបញ្ជីថ្មី នឹងទទួលបានការ លើកលែងពន្ធអប្បបរមាសម្រាប់ឆ្នាំដំបូង ដោយមិនតម្រូវផ្តល់របាយការណ៍សវនកម្មឯករាជ្យមកអគ្គនាយកដ្ឋានពន្ធដារនោះឡើយ។ នៅឆ្នាំបន្ទាប់ ចំពោះសហគ្រាសគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ មានកាតព្វកិច្ចផ្តល់របាយការណ៍សវនកម្មឯករាជ្យ មកអគ្គនាយកដ្ឋានពន្ធដារ យ៉ាងយូរត្រឹមដំណាច់ខែ មិថុនា នៃឆ្នាំបន្ទាប់នីមួយៗ។
ទាក់ទិនការលើកទឹកចិត្តពន្ធអប្បបរមានេះ, អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមយ៉ាងមុតមាំថា គ្រប់សហគ្រាសគម្រោងវិនិយោគមាន លក្ខណសម្បត្តិគ្រប់គ្រាន់ទាំងអស់ ដែលធ្វើសកម្មភាពអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារ នៃសេចក្ដីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ សុន រ៉ាឌី



