សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថាកម្ពុជានៅតែមានការប្តេជ្ញាចិត្តខ្ពស់ នៅក្នុងការអនុវត្តកាតព្វកិច្ច ដែលមានចែងក្នុងអនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន ឬ ហៅកាត់ថា អនុសញ្ញាអូតាវ៉ា។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកសន្និបាតប្រចាំឆ្នាំលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (ESCAP) ក្រោមប្រធានបទ “ការប្រើប្រាស់ នវានុវត្តន៍ឌីជីថល សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ី-ប៉ាស៊ីហ្វិក” នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅរាជធានីបាងកក ប្រទេសថៃ។
ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ ពាក់ព័ន្ធនឹងបញ្ហាប្រឈមរួមនៃតំបន់ និងសកល ដោយសម្តេចបានលើកឡើងអំពី បញ្ហានៃការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា ដែលនៅតែជាឧបសគ្គដ៏ធំមួយ សម្រាប់ការអភិវឌ្ឍជារួម បូករួមទាំងការបង្រួមគម្លាតឌីជីថល និងការទទួលបាននូវសេវាអ៊ីនធឺណិត ដែលមានគុណភាព។

សម្ដេចនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា ដោយទទួលស្គាល់នូវភាពចាំបាច់នៃបញ្ហានេះសកម្មភាពមីនត្រូវបានបញ្ចូលទៅជា គោលដៅទី១៨ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា។ កម្ពុជានៅតែមានការប្តេជ្ញាចិត្តខ្ពស់នៅក្នុងការអនុវត្តកាតព្វកិច្ច ដែលមានចែងក្នុងអនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីនឬហៅកាត់ថា អនុសញ្ញាអូតាវ៉ា។
សម្ដេចធិបតី ថ្លែងបញ្ជាក់ថា ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា សម្រាប់ឆ្នាំនេះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យ ឡើងវិញលើកទី ៥ ក្រោមប្រធាបទ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីអំពីពិភពលោកមួយដែលគ្មានមីន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ដល់ ថ្ងៃ២៩ ខែ វិច្ឆិកា ឆ្នាំ២០២៤។
សម្តេចធិបតីបានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលុបបំបាត់នូវអាវុធដ៏សាហាវនេះ ក៏ដូចជាគាំទ្រ និងចូលរួមនៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះព្រមទាំងបានថ្លែងអំណរគុណចំពោះគណ:កម្មការ ESCAP ដែលបាន ជួយគាំទ្រដល់កម្ពុជាក្នុងការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិសកម្មភាពមីន ដែលជាលើកដំបូង សម្រាប់គណ:កម្មការ ESCAP ចូលរួមក្នុងសកម្មភាពពាក់ព័ន្ធនឹងមីន៕ អត្ថបទ៖ វ៉ន ដារ៉ា
