ភ្នំពេញ ៖នៅថ្ងៃទី២២ ខែមេសានេះ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ចុះហត្ថលេខាជាមួយឯកឧត្តម ស៊ុន សូវកាង អភិបាលរងប្រតិបត្តិ ខេត្តហឺណាន ប្រទេសចិន អនុវត្តគម្រោងវិថីសូត្រផ្លូវអាកាស ដើម្បីសម្របសម្រួលការផ្លាស់ប្តូរ លំហូរទេសចរកម្ពុជា ចិន រាប់លាននាក់ និងជំរុញលើកទឹកចិត្តសហគ្រាសទេសចរណ៍ កម្ពុជា ហឺណានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងផ្សព្វផ្សាយទេសចរណ៍រួមគ្នា។
ឯកឧត្តម រដ្ឋមន្ត្រី សុខ សូកេន ថ្លែងថា ការចុះហត្ថលេខា អនុវត្តគម្រោងវិថីសូត្រផ្លូវអាកាស កម្ពុជា ហឺណាន អាស៊ាន គឺបានធ្វើឡើងស្របពេលកម្ពុជា អនុវត្តយុទ្ធនាការ “ឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤” ដើម្បីរឹតចំណងមិត្តភាពគ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជា និងប្រទេសចិន និងការទាក់ទាញភ្ញៀវទេសចរជនជាតិចិនដែលជាប្រភពទីផ្សារដ៏មានសក្តានុពលជុំវិញពិភពលោក។
ឯកឧត្តម រដ្ឋមន្ត្រី នៅក្នុងជំនួបនោះ បានថ្លែងគាំទ្រ លើកទឹកចិត្តសហគ្រាសភ្ជាប់ពាក់ព័ន្ធនឹងទេសចរណ៍នៃប្រទេសទាំងពីរ ដើម្បីរួមគ្នាអភិវឌ្ឍ និងការធ្វើពិពិធកម្មផលិតផលទេសចរណ៍ ការគាំទ្រគ្នាទៅវិញទៅមកសម្រាប់ការផ្សព្វផ្សាយ និងការអភិវឌ្ឍទីផ្សារទេសចរណ៍ ព្រមទាំងផ្លាស់ប្តូរ និងលើកកម្ពស់វិស័យទេសចរណ៍ និងខ្លឹមសារវប្បធម៌ ហឺណានដែលជាកន្លែងប្រទេសចិនបានចាប់ផ្តើម និង ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ ។
ឯកឧត្តម សុខ សូកេន ក៏បានគាំទ្រចំពោះការចុះហត្ថលេខា កិច្ចព្រមព្រៀងសហប្រតិបត្តិការរយៈពេលប្រាំឆ្នាំ ឆ្នាំ២០២៤ ឆ្នាំ២០២៨ អនុវត្ត“គម្រោងវិថីសូត្រផ្លូវអាកាស” កម្ពុជា ហឺណាន-អាស៊ាន ដែលតំណាងដោយរដ្ឋបាលក្រុង Zhengzhou (ជិនចូវ) និងក្រុមហ៊ុន Cambodia Angkor Air ដើម្បីជំរុញការធ្វើឲ្យប្រសើរឡើងការដឹកជញ្ជូនផ្លូវអាកាស កម្ពុជា ចិន។
នៅក្នុងជំនួបនេះ ភាគីទំាំងពីរក៏បានព្រមព្រៀង គាំទ្រការផ្លាស់ប្តូរជំនាញ និងការអនុវត្តល្អបំផុតលើផ្នែកគ្រប់គ្រងគោលដៅទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស និង លើកទឹកចិត្ត ជំរុញសហគ្រាសទេសចរណ៍នៃភាគីទាំងពីរ ឱ្យមានការផ្លាស់ប្តូរ និងសហការក្នុងវិស័យទេសចរណ៍ ព្រមទាំងការវិនិយោគ។
ឯកឧត្តម ស៊ុន សូវកាង ក្នុងជំនួប ក៏បានថ្លែងគាំទ្រការធ្វើឱ្យប្រសើរឡើងនូវស្តង់ដាសេវាកម្ម និងគុណភាព
នៃការទទួលភ្ញៀវទេសចរ និងគាំទ្រកម្ពុជាអនុវត្តផែនការរបស់ "China Ready" ដើម្បីបង្កើនចំនួនភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាផងដែរ៕
អត្ថបទ ៖ ស៊ុម សុខជា






