
ប្រព័ន្ធផ្សព្វផ្សាយបាននិយាយនៅថ្ងៃចន្ទ (២២ មេសា) នេះថា អ្នកបោះឆ្នោតនៅម៉ាល់ឌីវ បានប្រគល់ឱ្យគណបក្សរបស់លោកប្រធានាធិបតី ម៉ូហាម៉េដ មួយហ៊្សូ (Mohamed Muizzu) នូវការឈ្នះក្នុងលទ្ធផលដ៏លើសលប់នៅក្នុងការបោះឆ្នោតសភា ជាលទ្ធផលដែលបានទាញប្រជុំកោះមហាសមុទ្រឥណ្ឌាមួយនេះឱ្យខិតទៅជិតប្រទេសចិន និងកាន់តែឆ្ងាយពីដៃគូប្រពៃណីរបស់ខ្លួនគឺប្រទេសឥណ្ឌា។
បក្សសភាប្រជាជនជាតិ (PNC) របស់លោក មួយហ៊្សូ បានឈ្នះអាសនៈចំនួន ៦៥ ក្នុងចំណោមអាសនៈចំនួន ៩៣ ក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ នេះបើយោងតាមលទ្ធផលបឋមពីគណៈកម្មការរៀបចំការបោះឆ្នោតម៉ាល់ឌីវ និងការព្យាករណ៍ប្រព័ន្ធផ្សព្វផ្សាយ។ គណបក្សប្រជាធិបតេយ្យម៉ាល់ឌីវ (MDP) ដែលជាគណបក្សប្រឆាំងដ៏សំខាន់ ទទួលបានត្រឹមតែ ១២ អាសនៈប៉ុណ្ណោះ។
ទាំងទីក្រុងប៉េកាំង និងទីក្រុងញូវដែលី បានទាក់ទាញប្រទេសម៉ាល់ឌីវ ខណៈដែលពួកគេប្រជែងដណ្តើមឥទ្ធិពលនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ លោក ម៉ួយហ៊្សូ ដែលជាប់ឆ្នោតកាលពីឆ្នាំមុន បានសន្យាថានឹងបញ្ចប់គោលនយោបាយ «ឥណ្ឌាទីមួយ» របស់ប្រទេស ដោយធ្វើឱ្យទំនាក់ទំនងកាន់តែតានតឹងជាមួយទីក្រុងញូវដែលី។
រដ្ឋាភិបាលរបស់លោកបានស្នើឱ្យបុគ្គលិកយោធាឥណ្ឌា រាប់សិបនាក់ចាកចេញពីម៉ាល់ឌីវ ដែលជាទង្វើមួយដែលក្រុមអ្នករិះគន់និយាយថាអាចពន្លឿនការផ្លាស់ប្តូរគោលដៅងាកទៅកាន់ប្រទេសចិន។ តំណែងជាប្រធានាធិបតីរបស់លោក មួយហ៊្សូ មិនត្រូវបានប៉ះពាល់ដោយការបោះឆ្នោតថ្ងៃអាទិត្យនេះទេ ដែលក្នុងនោះបេក្ខជនចំនួន ៣៦៨ នាក់បានប្រកួតប្រជែងសម្រាប់អាណត្តិប្រាំឆ្នាំ៕