ភ្នំពេញ ៖ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះបានចាប់ផ្ដើមរៀបចំសិក្ខាសាលាផ្តោតសំខាន់លើការបណ្តុះបណ្តាលជំនាញសង្គមកិច្ច សម្រាប់មន្ត្រីនៅក្នុងក្រសួង ដើម្បីធានាឧត្តមប្រយោជន៍ជូនជនរងគ្រោះនិងជនងាយរងគ្រោះ។
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលនេះថា វិស័យសង្គមកិច្ចជាការងារដ៏មានសារៈសំខាន់សម្រាប់ជួយ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។ រីឯមន្ត្រីរបស់ក្រសួងក៏ត្រូវការជាចាំបាច់ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈសង្គមកិច្ច ដើម្បីធានាប្រសិទ្ធភាពការងារ និងនិរន្តរភាព។
ចំពោះមុខ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសម្រេចបង្កើតកម្មវិធីបណ្តុះបណ្តាលនេះឡើង ដែលជាការចាប់ផ្តើមយុទ្ធនាការ ពង្រឹង និងពង្រីកសមត្ថភាព ជំនាញវិជ្ជាជីវៈដល់មន្ត្រីសង្គមកិច្ចនៅទូទាំងប្រទេស និងឈានទៅដល់ការបង្កើតគណៈវិជ្ជាជីវៈសង្គមកិច្ច ដើម្បី ធានាគុណភាពក្នុងការផ្តល់អាជ្ញាប័ណ្ណ ការទទួលស្គាល់កម្លាំងសេវាសង្គមកិច្ច និងការការពារហានិភ័យវិជ្ជាជីវៈ ដែលអាចកើតឡើងចំពោះអ្នកផ្តល់សេវាសង្គមកិច្ច និងអតិថិជន ដែលទាំងអស់នេះ ជាឧត្តមប្រយោជន៍ជូនដល់ ជនរងគ្រោះ និងងាយរងគ្រោះ។
ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រីក៏បានកោតសសើរ ដល់វិទ្យាស្ថានជាតិសង្គមកិច្ច។ ឯកឧត្តមថា វិទ្យាស្ថានជាតិសង្គមកិច្ច បានរួមចំណែកក្នុង ការអប់រំបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែករៀបចំកសាង ក្របខណ្ឌនយោបាយ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តិនានា ថែមទាំងបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រី សង្គមកិច្ច ដើម្បីឆ្លើយតបនឹងតម្រូវក្នុងការបម្រើសេវាជូនជនរងគ្រោះ និងងាយរងគ្រោះ ក្នុងបរិបទនៃការវិវត្តន៍ ឥតឈប់ឈរក្នុងសកលលោក ជាពិសេសការរីកលូតលាស់នៃបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ (ICT)ដែល ទាមទារឱ្យ យើងអភិវឌ្ឍន៍ ទាំងបច្ចេកទេស និងឯកសារសិក្សាស្រាវជ្រាវ ព្រមទាំងត្រូវយកចិត្តទុកដាក់ជាចម្បងលើការលើក កម្ពស់គុណភាព ក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕
អត្ថបទ.គឹមហុក






