ឥណ្ឌា៖ ឥណ្ឌាអះអាងថា ពួកគេគ្រោងនឹងផ្តល់វ៉ាក់សាំងបង្ការជំងឺ COVID-19ដល់ពលរដ្ឋរបស់ខ្លួនចំនួន ២៥០លាននាក់ ក្នុងចំណោម ១.៤ពាន់លាននាក់ ត្រឹមខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌា លោកវេជ្ជបណ្ឌិត ហាស់ វ៉ាដហាន់ បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលរបស់លោកនឹងធានាឲ្យបានការចែកចាយប្រកបដោយសមធម៌ នូវវ៉ាក់សាំងបង្ការជំងឺ COVID-19 ហើយអ្នកដែលទទួលបានមុនគឺជាក្រុមការងារប្រឈមហានិភ័យខ្ពស់ ដែលរួមទាំងក្រុមការងារថែទាំងសុខភាពផងដែរ។
លោកវ៉ាដហាន បាននិយាយថា ប្រទេសលោកចង់បានវ៉ាក់សាំងបង្ការជំងឺ COVID-19ចម្លោះពី ៤០០ទៅ៥០០លានដូស សម្រាប់ពលរដ្ឋរបស់ខ្លួន។
ឥណ្ឌា កំពុងធ្វើតេស្តវ៉ាក់សាំង៣ប្រភេទ ដែលរួមទាំងវ៉ាក់សាំងមួយប្រភេទ ផលិតរួមគ្នាដោយសាកលវិទ្យាល័យអុកហ្វ័ដ និងក្រុមហ៊ុនឱសថខ្នាតយក្ស AstraZeneca របស់ចក្រភពអង់គ្លេស។
វ៉ាក់សាំងទាំងនេះ នឹងត្រូវផលិតទ្រង់ទ្រាយធំដោយវិទ្យាស្ថាន Serum របស់ឥណ្ឌា ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំងធំជាងគេបំផុតរបស់ពិភពលោក។
វិទ្យាស្ថាន Serum បាននិយាយថា ពួកគេនឹងផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19ចំនួន ២០០លានដូស សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលរួមទាំងប្រទេសឥណ្ឌា ផងដែរ៕ អត្ថបទ៖ សារ៉ាត់
