
មន្ត្រីយោធាចិនបានព្រមានប្រឆាំងនឹងប្រទេសដែលធ្វើប្រតិបត្តិការ «ប្រើកម្លាំងទូកប្រដាប់អាវុធ» ខណៈដែលប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធរួមគ្នាដែលមិនធ្លាប់មានពីមុនមករយៈពេល ៣សប្តាហ៍ នៅសមុទ្រចិនខាងត្បូង។ សមយុទ្ធប្រចាំឆ្នាឈ្មោះ «Balikatan» ឬ «ស្មាប្រកៀកស្មា» បានចាប់ផ្តើម នៅថ្ងៃចន្ទ (ទី២២ ខែមេសា) ហើយនឹងដំណើរការរហូតដល់ថ្ងៃទី១០ ខែឧសភា។ នេះជាលើកដំបូងហើយ ដែលសមយុទ្ធនេះនឹងត្រូវធ្វើឡើងហួសពីដែនទឹករបស់ហ្វីលីពីន ពោលគឺមានចម្ងាយ ១២ម៉ាយល៍ (២២,២២គីឡូម៉ែត្រ) ពីឆ្នេរសមុទ្រ ហើយនឹងមានការចូលរួមពីឆ្មាំល្បាតសមុទ្រហ្វីលីពីន (PCG) ដែលមានតួនាទីយ៉ាងសកម្ម។ ពួកគេក៏នឹងចូលរួមជាមួយប្រទេសផ្សេងទៀតនៅក្នុងតួនាទីបន្ទាប់បន្សំ ឬក្នុងនាមជាអ្នកសង្កេតការណ៍ ក្នុងនោះរួមមានទាំងអូស្ត្រាលី និងបារាំងផងដែរ។
នេះគឺជាសមយុទ្ធប្រចាំឆ្នាំធំជាងគេទី២ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដោយមានបុគ្គលិកចំនួន ១៧.៦០០នាក់ចូលរួមធ្វើប្រតិបត្តិការប្រដូចនឹងដណ្តើមយកកោះមកវិញ នៅក្បែរកោះតៃវ៉ាន់។ យោធាហ្វីលីពីននិយាយថា សមយុទ្ធនេះ គឺ «មិនជាប់ពាក់ព័ន្ធជាពិសេសទៅនឹងសកម្មភាពរបស់ប្រទេសណាមួយនោះឡើយ» ប៉ុន្តែអ្នកសង្កេតការណ៍ជឿជាក់យ៉ាងទូលំទូលាយថា សមយុទ្ធនេះ គឺដើម្បីឆ្លើយតបទៅនឹងប្រទេសចិន។
នៅឯសន្និសីទកងទ័ពជើងទឹក ក្នុងទីក្រុង Qingdao នៅថ្ងៃចន្ទនេះ អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមដែលគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសចិន គឺលោក Zhang Youxia បាននិយាយថា សមុទ្រមិនគួរជាសង្វៀន ដែលប្រទេសនានាអាចធ្វើប្រតិបត្តិការ «ប្រើកម្លាំងទូក ឬនាវាតូចៗប្រដាប់ដោយអាវុធ» នោះឡើយ។ លោក Zhang បាននិយាយថា៖ «ការពិតបានបង្ហាញថា អ្នកដែលបង្កហេតុដោយចេតនា បង្កភាពតានតឹង ឬគាំទ្រភាគីម្ខាងប្រឆាំងនឹងអ្នកដទៃ ដើម្បីផលប្រយោជន៍អាត្មានិយម ទីបំផុតនឹងត្រឹមតែធ្វើឲ្យខ្លួនឯងទទួលនូវការឈឺចាប់ប៉ុណ្ណោះ។ «ការអនុវត្តការទប់ស្កាត់ដែនសមុទ្រ ការឡោមព័ទ្ធ និងការបិទកោះ នឹងធ្វើឲ្យពិភពលោកធ្លាក់ចូលទៅក្នុងចរន្តនៃការបែងចែក និងភាពចលាចលតែប៉ុណ្ណោះ»។ ជាមួយគ្នានេះ លោក Zhang ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ប្រធានាធិបតី លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិនបានប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះដែនសមុទ្រតាមរយៈការសន្ទនា ប៉ុន្តែនឹងមិនអនុញ្ញាតឲ្យខ្លួនត្រូវអ្នកដទៃ «រំលោភបំពាន» នោះទេ។ សូមបញ្ជាក់ថា រដ្ឋាភិបាលចិនទាមទារតំបន់ភាគច្រើនក្នុងសមុទ្រចិនខាងត្បូង ក្នុងនោះរួមទាំងប្រជុំកោះ និងតំបន់ថ្មប៉ប្រះទឹកដែលត្រូវបានទាមទារដោយប្រទេសផ្សេងទៀតផងដែរ ដូចដូចជាហ្វីលីពីនជាដើម។ ហើយទីក្រុងប៉េកាំងបាននិយាយម្តងហើយម្តងទៀតថា ខ្លួនបន្តការសន្ទនាដើម្បីដោះស្រាយជម្លោះ ប៉ុន្តែបញ្ជាក់យ៉ាងច្បាស់ថា បញ្ហានេះភាគច្រើនអាស្រ័យលើលក្ខខណ្ឌរបស់ខ្លួនផ្ទាល់៕