
អាជ្ញាធររៀបចំការបោះឆ្នោតរបស់ប្រទេសឥណ្ឌា បានបញ្ជាឲ្យមន្ត្រីធ្វើការបោះឆ្នោតឡើងវិញ នៅកន្លែងបោះឆ្នោតជាច្រើនក្នុងរដ្ឋ Manipur ភាគឦសានដែលមានបញ្ហា បន្ទាប់ពីក្រុមជនប្រដាប់អាវុធ បានវាយប្រហារការិយាល័យបោះឆ្នោត និងកាន់កាប់បន្ទប់បោះឆ្នោត ទោះបីជាមានវត្តមានទាហានប៉ារ៉ារាប់សិបនាក់ក៏ដោយ។
រដ្ឋ Manipur ត្រូវបានញាំញីដោយការប៉ះទង្គិចគ្នារវាងជនជាតិភាគតិចអស់ជាច្រើនខែមកហើយ បន្ទាប់ពីជម្លោះបានផ្ទុះឡើងពាក់ព័ន្ធនឹងក្រុមអ្នកដែលទាមទារឋានៈកុលសម្ព័ន្ធដែលត្រូវទទួលបានសិទ្ធិបន្ថែម ដូចជាការអនុគ្រោះក្នុងការស្វែងរកការងារក្នុងជួររដ្ឋាភិបាលជាដើម។
ជម្លោះដែលបានចាប់ផ្តើមកាលពីខែឧសភាកន្លងទៅ បានធ្វើឲ្យមានការបែកបាក់យ៉ាងខ្លាំងក្នុងតំបន់ ដែលមានប្រជាជនប្រហែល ៣លាននាក់នេះ ដោយក្រុមជនជាតិភាគតិចចំនួន២ បានក្លាយជាសត្រូវជាមួយគ្នា ពោលដែលភាគច្រើនជាពួកហិណ្ឌូជនជាជតិ Meitei និងសមាជិកនៃកុលសម្ព័ន្ធភ្នំពួកគ្រិស្តដែលគេស្គាល់ថា ជនជាតិ Kuki។ មនុស្សជាង ២០០នាក់មកពីភាគីទាំង២ ត្រូវបានសម្លាប់ ខណៈមនុស្សរាប់ពាន់នាក់ផ្លាស់ប្ដូរទីជម្រកក្នុងរដ្ឋនេះ ហើយពួកគេនៅតែភ័យខ្លាចក្នុងការត្រឡប់ទៅទីកន្លែងដែលពួកគេធ្លាប់ហៅថា ផ្ទះ ដោយស្វែងរកការជ្រកកោននៅក្នុងជំរុំដែលមានសភាពស្មោកគ្រោក។
គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសឥណ្ឌា បានឲ្យដឹងកាលពីថ្ងៃសៅរ៍ (ទី២០ ខែមេសា) ថា ការបោះឆ្នោតនឹងត្រូវធ្វើឡើងម្តងទៀត នៅថ្ងៃចន្ទ (ទី២២ ខែមេសា) នៅឯការិយាល័យបោះឆ្នោតចំនួន១១ ដែលការបោះឆ្នោតបានធ្វើឡើងកាលពីថ្ងៃសុក្រ (ទី១៩ ខែមេសា)។ បទបញ្ជានេះបានកើតឡើងបន្ទាប់ពីស្នងការរៀបចំការបោះឆ្នោតជាន់ខ្ពស់ក្នុងតំបន់ បានសរសេរលិខិតផ្ញើទៅកាន់ទីភ្នាក់ងាររបស់លោក ដោយពណ៌នាអំពីការកើតមានអំពើហិង្សាដោយហ្វូងមនុស្ស ការបាញ់កាំភ្លើង ការខូចខាតដល់ម៉ាស៊ីនបោះឆ្នោតអេឡិចត្រូនិក និងអ្នកបោះឆ្នោតក្លែងក្លាយដែលចូលក្នុងបន្ទប់បោះឆ្នោត។
នៅទូទាំងប្រទេសឥណ្ឌា ការបោះឆ្នោតដំណាក់កាលដំបូងសម្រាប់អាសនៈសភាចំនួន១០២ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៩ ខែមេសា ប៉ុន្តែដំណាក់កាលចំនួន៦ នៅតែមានដដែល ដោយលទ្ធផលនឹងត្រូវប្រកាសនាថ្ងៃទី៤ ខែមិថុនា៕