
ការយល់ព្រមពីសហរដ្ឋអាមេរិក ក្នុងការផ្ដល់ជំនួយជាង ៦០ពាន់លានដុល្លារអាមេរិក ជួយផ្ដល់ភាពធូរស្រាលដល់យោធាដែលជួបការលំបាករបស់អ៊ុយក្រែន ទោះបីជាជំនួយនេះមិនទំនងជាធ្វើឲ្យមានការផ្លាស់ប្ដូរនៅក្នុងសង្រ្គាមរបស់ខ្លួនក៏ដោយ។
ភាគច្រើននឹងអាស្រ័យលើថា តើជំនួយរបស់អាមេរិកអាចទៅដល់សមរភូមិជួរមុខបានលឿនប៉ុនណា បន្ទាប់ពីសភាតំណាងរាស្រ្តបានអនុម័តជំនួយផ្នែកយោធា និងសេដ្ឋកិច្ច កាលពីថ្ងៃទី២០ ខែមេសា។
ដោយសារតែកញ្ចប់នេះត្រូវបានជាប់គាំងអស់រយៈពេល ៦ខែនៅក្នុងសភា យោធារបស់ទីក្រុងគីវ បានជួបនឹងបញ្ហាកង្វះគ្រាប់រំសេវ និងកម្លាំងមនុស្សកាន់តែខ្លាំងឡើងៗ ខណៈដែលកងកម្លាំងរបស់វិមានក្រឹមឡាំង វាយរុលទៅមុខជាលំដាប់។
យោងតាមលោក Mykola Bielieskov អ្នកស្រាវជ្រាវនៅវិទ្យាស្ថានជាតិ សម្រាប់ការសិក្សាយុទ្ធសាស្ត្រក្នុងទីក្រុងគីវ បានឲ្យដឹងថា ជំនួយនេះផ្តល់នូវដង្ហើមដកស្រួលជាងមុនបានខ្លះដល់យោធារបស់អ៊ុយក្រែន ហើយនឹងជួយបន្ថយល្បឿនរបស់វិមានក្រឹមឡាំង អនុវត្ត «ការការពារប្រកបដោយប្រសិទ្ធភាព" និងកាត់បន្ថយការខាតបង់បានច្រើន។
យ៉ាងណាក្ដី លោកបានប្រាប់ថា ប៉ុន្តែជំនួយបន្ថែមទៀត គឺត្រូវការជាចាំបាច់បន្តទៀត ដែលជាការរំពឹងទុកដ៏លំបាកមួយ នៅសហរដ្ឋអាមេរិកដោយសារការជំទាស់របស់គណបក្សសាធារណរដ្ឋនៅក្នុងសភា។ លោកបានបន្ថែមថា៖ «សំណួរគឺថា តើនឹងមានជំនួយអ្វី និងក្នុងកម្រិតណា នៅឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់ ដ្បិតយុទ្ធសាស្ត្ររបស់លោក Vladimir Putin គឺរង់ចាំឲ្យអស់ជំនួយ»។
រុស្ស៊ីបានបង្កើនការវាយប្រហារស្រោចដូចទឹកភ្លៀងដោយមីស៊ីល និងយានដ្រូន ខណៈដែលសង្រ្គាមបានចូលឆ្នាំទី៣ ដោយការវាយប្រហារនោះបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធបង្កើតថាមពលរបស់អ៊ុយក្រែន និងបំផ្លាញអគារលំនៅឋាន នៅកណ្តាលទីក្រុង។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ច្បាប់របស់សហរដ្ឋអាមេរិក ដែលគួរតែត្រូវធ្វើឲ្យជ្រះស្រឡះបន្ថែមទៀត នៅសប្តាហ៍នេះ នឹងជួយជំរុញដល់យោធារបស់លោក៕