
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese នៅថ្ងៃចន្ទ (ទី២២ ខែមេសា) នេះ បានពណ៌នាថា ជា «រឿងចម្លែក» ចំពោះការសម្រេចរបស់វេទិកាបណ្ដាញសង្គម X ដែលជំទាស់នៅក្នុងតុលាការនូវបញ្ជារបស់និយតករ ដែលតម្រូវឲ្យលុបចោលនូវការបង្ហោះមួយចំនួនអំពីការចាក់នឹងកាំបិតលើសង្ឃជាន់ខ្ពស់របស់សាសនាគ្រិស្ត នៅទីក្រុងស៊ីដនី។
លោក Albanese បានរិះគន់ការផ្សាយរូបភាពដ៏ឃោរឃៅនេះ ហើយបាននិយាយថា ខ្លឹមសារបណ្ដាញសង្គមមួយចំនួន បានធ្វើឲ្យមនុស្សជាច្រើន មានការឈឺចាប់កាន់តែខ្លាំងឡើង។
លោក Albanese បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយថា៖« ខ្ញុំយល់ថា ជារឿងចម្លែកណាស់ ដែលបណ្តាញសង្គម X ជ្រើសរើសមិនអនុវត្តតាម ហើយកំពុងព្យាយាមតវ៉ាតាមហេតុផលរបស់ពួកគេ» ដោយលោកបានបន្ថែមថា ការឆ្លើយតបរបស់បណ្តាញសង្គម X ចំពោះការបញ្ជាពីគណៈកម្មាធិការរដ្ឋាភិបាលដែលត្រូវបានគេស្គាល់ថា ជាអ្នកគ្រប់គ្រងសុវត្ថិភាពអេឡិកត្រូនិកនោះ បានប្រឆាំងនឹងអ្នកផ្តល់សេវាបណ្ដាញសង្គមផ្សេងទៀត។
គួររំលឹកថា នគរបាល បានចោទប្រកាន់ក្មេងប្រុសអាយុ ១៦ឆ្នាំម្នាក់ ពីបទប្រព្រឹត្តអំពើភេរវកម្ម នៅក្នុងការវាយប្រហារ កាលពីថ្ងៃចន្ទសប្តាហ៍មុន ទៅលើសង្ឃជាន់ខ្ពស់ព្រះវិហារ Assyrian ឈ្មោះ Mar Mari Emmanuel។
វីដេអូតាមអ៊ីនធឺណិត បានបង្ហាញពីអ្នកវាយប្រហារដែលត្រូវបានរារាំងដោយក្រុមជំនុំ ដោយជនដៃដល់ស្រែកដាក់បព្វជិតរូបនោះថា បានប្រមាថសាសនាឥស្លាម៕