
អង្គការសហប្រជាជាតិ បាននិយាយថា ការប្រយុទ្ធគ្នាជុំវិញដីដែលមានជម្លោះ នៅតាមព្រំដែននៃតំបន់ទីហ្គ្រេ( Tigray) និងអាមហារ៉ា ( Amhara) របស់ប្រទេសអេត្យូពី បានជម្លៀសមនុស្សជិត ២៩.000នាក់។
ការប្រយុទ្ធគ្នា បានចាប់ផ្តើមកាលពីសប្តាហ៍មុនរវាងកងកម្លាំងមកពីតំបន់ទាំងពីរ នៅក្នុងស្រុក Raya Alamata ដែលត្រូវបានអះអាងដោយភាគីទាំងពីរ។
មន្ត្រីនៅតំបន់អាមហារ៉ា បានចោទប្រកាន់កងកម្លាំងមកពីតំបន់ទីហ្គ្រេថា បានបើកការលុកលុយ ប៉ុន្តែអតីតក្រុមឧទ្ទាមនៅតំបន់ទីហ្គ្រេ បានបដិសេធបញ្ហានេះ។
សង្គ្រាមស៊ីវិលរយៈពេលពីរឆ្នាំ បានបញ្ចប់នៅចុងឆ្នាំ ២០២២ នៅក្នុងប្រទេសអេត្យូពី បន្ទាប់ពីរដ្ឋាភិបាលកណ្តាល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកងកម្លាំងទីហ្គ្រេ។
ទោះបីជាយ៉ាងណាក៏ដោយ បញ្ហានៃតំបន់ដែលមានជម្លោះ ការទម្លាក់អាវុធរបស់អតីតយុទ្ធជន និងជោគវាសនារបស់ជនជាតិទីហ្គ្រេរាប់សែននាក់ដែលត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះរបស់ពួកគេ ក្នុងអំឡុងសង្គ្រាម នៅតែមិនទាន់ត្រូវបានដោះស្រាយនៅឡើយ។
ស្រុកRaya Alamata ដែលមានជម្លោះ បានស្ថិតនៅក្រោមតំបន់ទីហ្គ្រេ រហូតដល់សង្រ្គាម ផ្ទុះឡើងក្នុងឆ្នាំ ២០២០ ប៉ុន្តែកងកម្លាំងអាមហារ៉ា បានរឹបអូសយកតំបន់នេះមកគ្រប់គ្រង តាំងពីពេលនោះមក។