
យោធាអ៊ីស្រាអែលបាននិយាយថា ប្រធាននាយកដ្ឋានចារកម្មយោធារបស់ប្រទេស បានលាលែងពីតំណែងហើយ នៅថ្ងៃចន្ទ (ទី២២ ខែមេសា) នេះ ដោយសារមិនអាចទព់ស្កាត់ការវាយប្រហារដែលមិនធ្លាប់មានពីមុនមករបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយការសម្រេចនេះបានធ្វើឲ្យលោកក្លាយជាឥស្សរជនជាន់ខ្ពស់ដំបូងគេដែលលាលែងពីតួនាទីរបស់លោក ពាក់ព័ន្ធនឹងការវាយប្រហារបង្ហូរឈាម ក្នុងប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែល។
ការលាលែងពីតំណែងរបស់ឧត្តមសេនីយ៍ជាន់ខ្ពស់ លោក Aharon Haliva អាចនឹងបើកផ្លូវឲ្យមានការដើរចេញជាបន្តបន្ទាប់ពីសំណាក់បណ្ដាមន្ត្រីជាន់ខ្ពស់ផ្នែកសន្តិសុខផ្សេងទៀតរបស់អ៊ីស្រាអែល ពាក់ព័ន្ធនឹងការវាយប្រហាររបស់ក្រុមហាម៉ាស ដែលនៅពេលនោះពួកសកម្មប្រយុទ្ធមួយនេះ បានសម្រុកឆ្លងកាត់របងការពារព្រំដែនរបស់អ៊ីស្រាអែល ហើយវាយប្រហារទាំងកំរោលតាមសហគមន៍នានារបស់អ៊ីស្រាអែលដោយគ្មានការតបតអស់រយៈពេលជាច្រើនម៉ោង ដោយការវាយប្រហារនោះ បានសម្លាប់មនុស្សចំនួន ១.២០០នាក់ ភាគច្រើនជាជនស៊ីវិល ខណៈដែលចាប់ចំណាប់ថ្នូរប្រមាណ ២៥០នាក់នាំទៅកាន់តំបន់ហ្កាហ្សា។ ហេតុការណ៍វាយប្រហារនោះ បានបង្កើតឲ្យមានភ្លើងសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ដែលឥឡូវនេះកំពុងស្ថិតក្នុងខែទី៧។
នៅក្នុងលិខិតលាលែងពីតំណែងរបស់លោកដែលយោធាផ្ដល់ឲ្យ លោក Haliva បានសរសេររៀបរាប់ថា៖ «ក្រោមការបញ្ជារបស់ខ្ញុំ នាយកដ្ឋានស៊ើបការណ៍សម្ងាត់ មិនបានបំពេញភារកិច្ចដែលយើងត្រូវបានប្រគល់ឲ្យនោះទេ។ រាប់ពីថ្ងៃនោះមក ខ្ញុំរស់នៅជាមួយថ្ងៃដ៏ខ្មៅងងឹតនោះ ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយយប់ទៅមួយយប់។ ខ្ញុំនឹងស្ពាយការឈឺចាប់ដ៏អាក្រក់ក្រៃលែងនៃសង្រ្គាមនេះជារៀងរហូត»។
ភ្លាមៗបន្ទាប់ពីសង្រ្គាម លោក Haliva បាននិយាយជាសាធារណៈថា លោកបានទទួលយកការស្តីបន្ទោស ដែលមិនអាចការពារការវាយប្រហារនេះបាន ក្នុងនាមជាប្រធាននាយកដ្ឋានយោធាដែលទទួលខុសត្រូវក្នុងការផ្តល់ឲ្យរដ្ឋាភិបាល និងយោធានូវការព្រមានចារកម្ម និងការជូនដំណឹងប្រចាំថ្ងៃ។ យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អគ្គសេនាធិការយោធាបានទទួលយកសំណើសុំលាលែងពីតំណែងរបស់លោក Haliva និងអរគុណរូបលោក ដែលបំពេញតួនាទីរយៈពេល ៣៨ឆ្នាំ។
លោក Haliva ក៏ដូចជាមេដឹកនាំយោធា និងសន្តិសុខផ្សេងទៀតដែរ ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងលាលែងពីតំណែង ដើម្បីជាការឆ្លើយតបទៅនឹងកំហុសឆ្គងយ៉ាងធ្ងន់ធ្ងរ ដែលនាំឲ្យមានការវាយប្រហារថ្ងៃទី៧ ខែតុលា និងទំហំនៃភាពសាហាវឃោរឃៅរបស់ការវាយប្រហារនេះ៕