ភ្នំពេញ ៖ សម្រាប់ទិវាភពផែនដីអន្តរជាតិនេះ សូមយើងទាំងអស់គ្នាឆ្លុះបញ្ចាំងពីបញ្ហាប្រឈមដែលភពផែនដីកំពុងជួបប្រទះ និងសកម្មភាពណាខ្លះត្រូវតែធ្វើជាបន្ទាន់! ប្រទេសកម្ពុជាកំពុងជួបប្រទះអាកាសធាតុក្តៅជាងមុនក៏ដោយសារតែការប្រែប្រួលអាកាសធាតុ និងសកម្មភាពរបស់មនុស្សជាច្រើនដែលធ្វើឱ្យប៉ះពាល់ដល់ជីវៈចម្រុះ ដូចជាការកាប់ព្រៃឈើ ការផ្លាស់ប្តូរការប្រើប្រាស់ដី កំណើននៃការធ្វើកសិកម្មមិនមាននិរន្តរភាព និងការជួញដូរសត្វព្រៃខុសច្បាប់ជាដើម។
អង្គការ WWF-កម្ពុជា សូមបង្ហាញ តំបន់ទេសភាពព្រៃលិចទឹកទន្លេមេគង្គ (MFF) អំពីសក្តានុពល និងភាពដ៏អស្ចារ្យរបស់ទន្លេមេគង្គដែលជាសម្បត្តិធម្មជាតិមិនអាចកាត់ថ្លៃបាន។ ទន្លេដ៏មានសារៈសំខាន់នេះជួយទ្រទ្រង់ដល់ការរស់នៅរបស់សហគមន៍តាមរយៈការផ្តល់ជាប្រភពអាហារ ផ្លូវគមនាគមន៍សម្រាប់ការដឹកជញ្ជូន ប្រព័ន្ធធារាសាស្រ្ត និងការគ្រប់គ្រងទឹកជំនន់ជាដើម។ លើសពីនេះ ទន្លេមេគង្គក៏មានវត្តមានជីវៈចម្រុះយ៉ាងសម្បូរបែប និងសត្វព្រៃសំខាន់ៗជាសាកលផងដែរ រួមមាន សត្វផ្សោត ត្រីរាជ្យ ត្រីគល់រាំង បបែលយក្សទឹកសាប និងសត្វក្តាន់ ជាដើម។
នាឱកាសនៃទិវាភពផែនដីអន្តរជាតិថ្ងៃថ្ងៃទី ២២ ខែមេសានេះ សូមឱ្យយើងទាំងអស់គ្នាទទួលស្គាល់ថាផែនដី និងប្រព័ន្ធអេកូឡូស៊ី គឺជាផ្ទះរួមរបស់យើង។ វាពិតជាចាំបាច់ណាស់ក្នុងការការពារភពផែនដី ដើម្បីបង្កើនជីវភាពរស់នៅរបស់មនុស្ស ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងថែរក្សាជីវចម្រុះឱ្យកាន់តែប្រសើរ៕ ដោយ ៖ យន់ វ៉ាន់




