ភ្នំពេញ ៖ ពិតជាពិសេសបំផុត និងមិនធ្លាប់មាននៅប្រទេសកម្ពុជា ខណៈមន្ទីរពេទ្យអន្តរជាតិ អរៀនដា បានដាក់លក់ជាផ្លូវការនូវកញ្ចប់ពិនិត្យសុខភាព Buffet health checkup ដែលអតិថិជនធ្វើការបង់ប្រាក់តែ១ដង គឺអាចមកពិនិត្យសុខភាពជាច្រើនដង ដោយឥតគិតថ្លៃ និងក្នុងរយៈពេលពេញ ១ឆ្នាំ។
យោងតាមមន្ទីរពេទ្យអន្តរជាតិ អរៀនដា នៅរសៀលថ្ងៃទី២២ មេសា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា កញ្ចប់ពិនិត្យសុខភាព អតិថិជនគ្រាន់តែចំណាយប្រាក់ត្រឹមតែ ១ដង អាចមកទទួលយកសេវាកម្មពិនិត្យសុខភាពបានជាច្រើនដង ដោយមិនមានការចំណាយអ្វីបន្ថែមទៀតនោះទេ ជាមួយស្តង់ដារអន្តរជាតិដែលមានការពិនិត្យរហូតដល់ ៦០មុខងារ នៃរាងកាយ និងជួបជាមួយវេជ្ជបណ្ឌិតជំនាញដែលមានបទពិសោធន៍ជាច្រើនឆ្នាំ។ ជាពិសេសទៅទៀតនោះ ចំពោះអ្នកដែលស្រឡាញ់សុខភាព និងដើម្បីតាមដានសុខភាពជាប្រចាំ ជាមួយការចំណាយត្រឹមតែ ៤៩៩ដុល្លារសម្រាប់បុរស និង៥៩៩ដុល្លារ សម្រាប់ស្រ្តី ក្នុងការពិនិត្យសុខភាពបានច្រើនដងក្នុង១ឆ្នាំ។
ប្រភពដដែលនេះ បានបញ្ជាក់ទៀតថា ចំពោះអតិថិជនដែលរៀបអាពាហ៍ពិពាហ៍យូរឆ្នាំ តែពិបាកមានកូន ឬចង់បានកូនតាមប្រាថ្នា ក៏អាចជួបជាមួយវេជ្ជបណ្ឌិតឯកទេសជំនាញមានបទពិសោធន៍ជាច្រើនឆ្នាំនៅមន្ទីរពេទ្យអន្តរជាតិ អរៀនដា បានផងដែរ។ លើសពីនេះទៀត អរៀនដា ទើបសហការណ៍ជាមួយក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ (AIA) បង្កើតជាកាតសមាជិក អរៀនដា-AIA ដែលចំណាយត្រឹមតែ ៤៩០ដុល្លារ នឹងទទួលបាន ១ម៉ឺនដុល្លារ សម្រាប់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យអន្តរជាតិមួយនេះ។
សូមជម្រាបជូនទៀតថា មន្ទីរពេទ្យអន្តរជាតិ អរៀនដា គឺជាមន្ទីរពេទ្យទូទៅ ដែលក្នុងនោះមានសេវាកម្មចម្បងដូចជា៖ ផ្នែកជម្ងឺលំបាកមានកូន ផ្នែកសម្ភព ផ្នែករោគស្ត្រី ផ្នែកជម្ងឺកុមារ ផ្នែកជម្ងឺទូទៅ ផ្នែកព្យាបាលជំងឺធ្ងន់(ICU) និងផ្នែកសង្គ្រោះបន្ទាន់ ២៤ ម៉ោង ព្រមទាំងមានផ្នែកជាច្រើនទៀតសម្រាប់បំពេញរាល់តម្រូវការបញ្ហាសុខភាពរបស់អ្នកជម្ងឺដែលមានដូចជា ផ្នែកជម្ងឺទឹកនោមផ្អែម ផ្នែកជម្ងឺសើស្បែក ផ្នែកជម្ងឺធ្ងន់ទារក ផ្នែកថតឆ្លុះរូបភាពវេជ្ជសាស្ត្រ ផ្នែកមន្ទីរពិសោធន៌ សេវាសង្គ្រោះបន្ទាន់តាមយន្តហោះពិសេស និងផ្នែកប្រឆាំងភាពចាស់៕ ដោយ ៖ បូរ៉ាវី







