ភ្នំពេញ៖សូមបញ្ឈប់ជាបន្ទាន់នូវសកម្មភាពកាប់រានទន្រ្ទានដីព្រៃរបស់រដ្ឋដោយខុសច្បាប់ ពីព្រោះទង្វើបំពាននេះ មិនអាចលាក់កំបាំងបានទេ ហើយរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី ៧នៃរដ្ឋសភាកំពុងយកចិត្តទុកដាក់ និងអនុវត្តយ៉ាងតឹងរ៉ឹងនូវវិធានការច្បាប់ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។នេះជាការថ្លែងឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីការវិនិយោគលើការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការស្ដារតំបន់ទេសភាពកសិអេកូឡូស៊ី នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៤ ក្នុងសណ្ឋាគារ Hyatt Regency ភ្នំពេញ។
ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបន្តថា វិធានការច្បាប់យ៉ាងតឹងរ៉ឹងលើបទល្មើសធនធានធម្មជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភានេះ គឺដើម្បីទប់ស្កាត់ និងការពារការកាប់រានដីព្រៃរបស់រដ្ឋជាបន្តបន្ទាប់ដោយខុសច្បាប់ ដែលជាក់ស្តែងនាពេលថ្មីៗនេះ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួង មន្ទីរពាក់ព័ន្ធ អ្នកច្បាប់ សមត្ថកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ សម្រេចតាមការបង្ក្រាបជាច្រើនករណី និងបានដកហូតយកដីព្រៃត្រឡប់ជូនរដ្ឋវិញជាច្រើនហិកតា។
ទន្ទឹមនឹងនេះ រដ្ឋាភិបាល ដែលមានក្រសួងបរិស្ថានជាសេនាធិការ បានដាក់យុទ្ធនាការបណ្ដុះកូនឈើ១លានដើមយ៉ាងតិចក្នុង១ឆ្នាំ សម្រាប់ចែកជូនប្រជាពលរដ្ឋដាំដោយឥតគិតថ្លៃ នៅទូទាំង២៥រាជធានី/ខេត្ត កាលពី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣។ ជាមួយគ្នានេះ ក៏មានការរៀបចំថ្នាលបណ្ដុះកូនឈើជាលក្ខណៈតំបន់នៅចំនួន៥ទីតាំង ដែលរួមមាន ខេត្តសៀមរាប ខេត្តត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ និងខេត្តមណ្ឌលគិរី ហើយជាពិសេសនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យបើកយុទ្ធនាការពិព័រណ៍កូនឈើ និងផ្តល់ជូនកូនឈើគ្រប់ប្រភេទ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅមុខទីស្តីការក្រសួងបរិស្ថាន រយៈពេល៦ថ្ងៃគឺចាប់ពីថ្ងៃទី១០ ដល់ ទី១៥ខែកក្កដា ឆ្នាំ២០២៤។
កាលពីចុងឆ្នាំ២០២៣ ក្រសួងបរិស្ថាន បានដាក់ចេញវិធានការចម្បងចំនួន៤ ដើម្បីគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះឱ្យមានប្រសិទ្ធភាព និងដើម្បីការអភិវឌ្ឍដោយចីរភាព ដោយក្នុងនោះមានដូចជា៖ការមិនលែកលែងចំពោះអ្នកប្រព្រឹត្តិបទល្មើស ដោយតម្លាភាព គ្មានអំពើពុករលួយ និងការដាំដើមឈើឱ្យច្រើនជាងការកាប់ដើម្បីរក្សានូវកំណើន ជាពិសេសការជំរុញការដាំស្តាព្រៃឈើ ជាទិសដៅអាទិភាព បង្កើនគម្របព្រៃឈើឱ្យបាន៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ ការអភិរក្សជីវចម្រុះដោយចីរភាព ៕ អត្ថបទ៖ទូច សោភ័ណ





