
វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃចន្ទនេះថា រាល់សកម្មភាពរបស់សហរដ្ឋអាមេរិកក្នុងការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ីដែលបង្កក នឹងខុសច្បាប់ បង្កើតជាគំរូដ៏គ្រោះថ្នាក់ និងត្រូវប្រឈមមុខ នៅក្នុងតុលាការ ដោយសន្យាថា នឹងធ្វើការសងសឹក។
សភាតំណាងរាស្រ្តអាមេរិកកាលពីថ្ងៃសៅរ៍ បានអនុម័តកញ្ចប់ជំនួយចំនួន៩៥ពាន់លានដុល្លារ ដែលផ្តល់ជំនួយសន្តិសុខដល់អ៊ុយក្រែន អ៊ីស្រាអែល និងកោះតៃវ៉ាន់ ដែលរួមបញ្ចូលវិធានការសម្រាប់ការផ្ទេរទ្រព្យសម្បត្តិរុស្ស៊ីដែលរឹបអូសទៅអ៊ុយក្រែន។
ទន្ទឹមនឹងនេះដែរ ក្រុមមហាអំណាចទាំង៧ (G7) កំពុងពិភាក្សាអំពីលទ្ធភាពនៃការប្រើប្រាស់ទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រុស្ស៊ីប្រមាណ ៣០០ពាន់លានដុល្លារ ដែលជាប់គាំង នៅលោកខាងលិច ដើម្បីជួយឧបត្ថម្ភថវិកាសម្រាប់អ៊ុយក្រែន។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា៖«នេះគឺជាការបំបែកនៃមូលដ្ឋានគ្រឹះទាំងអស់នៃប្រព័ន្ធសេដ្ឋកិច្ច»។ «វាជាការទន្ទ្រានយកទាំងការទ្រព្យសម្បត្តិកាន់កាប់របស់រដ្ឋ និងទ្រព្យសម្បត្តិឯកជន។ ទាំងនេះ គឺជាសកម្មភាពខុសច្បាប់»។
លោកថា នឹងមានការសងសឹក និងចំណាត់ការផ្លូវច្បាប់មួយចំនួន ដោយមិនបានផ្តល់សេចក្តីលម្អិតទេ។