
បណ្តាប្រទេសសហភាពអឺរ៉ុបដែលមានប្រព័ន្ធការពារដែនអាកាស Patriot នៅពីថ្ងៃចន្ទនេះ ហាក់ដូចជាស្ទាក់ស្ទើរ ក្នុងការផ្តល់ពួកវាដល់អ៊ុយក្រែន ដែលកំពុងតែស្វែងរកប្រព័ន្ធមីស៊ីលយ៉ាងហោចណាស់ចំនួន៧គ្រឿង ដើម្បីជួយការពារពីការវាយប្រហារតាមអាកាសរបស់រុស្ស៊ី។
កម្លាំងទ័ពអាកាសរបស់រុស្ស៊ីមានកម្លាំងខ្លាំងជាងរបស់អ៊ុយក្រែន ប៉ុន្តែប្រព័ន្ធមីស៊ីលទំនើបដែលផ្តល់ដោយដៃគូលោកខាងលិចរបស់ទីក្រុងគីវ អាចបង្កការគម្រាមកំហែងធំដល់អាកាសចរណ៍រុស្ស៊ី ខណៈដែលកងកម្លាំងរបស់វិមានក្រឹមឡាំង បានរុលទៅមុខបន្តិចម្តងៗតាមខ្សែបន្ទាត់ជួរមុខប្រហែល ១.០០០ គីឡូម៉ែត្រ (៦២០ម៉ាយ) ក្នុងសង្គ្រាម។
រដ្ឋមន្ត្រីការបរទេសហូឡង់លោកស្រី Hanke Bruins Slot បាននិយាយថា ប្រទេសហូឡង់កំពុង «សម្លឹងមើលគ្រប់លទ្ធភាពទាំងអស់ នៅពេលនេះ» ហើយកំពុងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់គំនិតផ្តួចផ្តើមរបស់អាល្លឺម៉ង់ដើម្បីជួយអ៊ុយក្រែនពង្រឹងការការពារដែនអាកាសរបស់ខ្លួន និងទិញយានដ្រូនបន្ថែម ទៀត។
នៅពេលសួរនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់សហភាពអឺរ៉ុបថា ហេតុអ្វីបានជាប្រទេសហូឡង់ស្ទាក់ស្ទើរក្នុងការបញ្ជូនប្រព័ន្ធ Patriot មួយចំនួនរបស់ខ្លួនថា៖«យើងកំពុងសម្លឹងមើលម្តងទៀត ប្រសិនយើងអាចដកស្តុករបស់យើងនូវអ្វីដែលយើងនៅតែមាន ប៉ុន្តែវានឹងមានការលំបាក។
កាលពីសប្តាហ៍មុន អគ្គលេខាធិការអង្គការណាតូ លោក ចេន ស្តូលថិនប៊ឺក (Jens Stoltenberg) បាននិយាយថា អង្គការយោធានេះ «បានគូសផែនទីពីសមត្ថភាពដែលមានស្រាប់ នៅទូទាំងសម្ព័ន្ធមិត្ត ហើយមានប្រព័ន្ធដែលអាចផ្តល់ដល់អ៊ុយក្រែន»បាន។ លោកមិនបានលើកឡើងពីឈ្មោះប្រទេស ដែលមាន ប្រព័ន្ធការពារដែនអាកាស Patriots ទេ។