
តុលាការធម្មនុញ្ញរបស់ប្រទេសឥណ្ឌូនេស៊ី បានច្រានចោលពាក្យបណ្តឹងដែលដាក់ដោយបេក្ខជនប្រធានាធិបតី លោក Anies Baswedan និងលោក Ganjar Pranowo ដែលទាំង២នាក់ បានបរាជ័យ នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីខែកុម្ភៈ ប្រឆាំងនឹងរដ្ឋមន្ត្រីការពារជាតិលោក Prabowo Subianto ។
អំឡុងសម័យប្រជុំតុលាការក្នុងរយៈពេលយ៉ាងយូរ នៅឯទីក្រុងហ្សាការតា នាថ្ងៃចន្ទនេះ តុលាការបានសម្រេចបដិសេធទាំងស្រុងនូវការប្ដឹងតវ៉ាដែលស្វែងរកការបោះឆ្នោតប្រធានាធិបតីឡើងវិញ នៅក្នុងការសម្រេចជាមួយនឹងសំឡេង ៥ ទល់នឹង ៣សំឡេង។
សេចក្តីសម្រេចនៃការបោះឆ្នោតដែលមិនអាចប្តឹងតវ៉ាបាន និងដែលជាដំណោះស្រាយផ្លូវច្បាប់ចុងក្រោយសម្រាប់ទាំងលោក Anies និងលោក Ganjar មានន័យថា លទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នឹងត្រូវបានរក្សាទុក ដោយបានជម្រះរាល់ឧបសគ្គ សម្រាប់លោក Prabowo ក្នុងការក្លាយជាប្រធានាធិបតីបន្ទាប់របស់ប្រទេសនេះ។
គួរបញ្ជាក់ថា លទ្ធផលផ្លូវការដែលចេញផ្សាយដោយគណៈកម្មាធិការរៀបចំការបោះឆ្នោត កាលពីថ្ងៃទី២០ ខែមីនា បានបង្ហាញថា លោក Prabowo ទទួលបានជ័យជម្នះយ៉ាងច្រើនលើសលប់ ជាមួយនឹងសំឡេងឆ្នោត ៥៨,៥៩ភាគរយ ធៀបនឹង ២៤,៩៥ ភាគរយរបស់លោក Anies និង ១៦,៤៧ភាគរយរបស់លោក Ganjar។
នៅក្នុងញត្តិរបស់ពួកគេផ្ញើទៅកាន់តុលាការធម្មនុញ្ញ លោក Anies និងលោក Ganjar បានអះអាងថា ការបោះឆ្នោតនេះត្រូវបានរំខានដោយការក្លែងបន្លំជាប្រព័ន្ធ ហើយបានជំទាស់តវ៉ាថា ស្ថាប័នរដ្ឋាភិបាល មេដឹកនាំក្នុងតំបន់ និងកម្មវិធីជំនួយសង្គមដែលឧបត្ថម្ភដោយរដ្ឋ ត្រូវបានប្រើប្រាស់ដោយមិនត្រឹមត្រូវពីសំណាក់ប្រធានាធិបតីជិតផុតអាណត្តិលោក Joko Widodo ក្នុងគោលបំណងមានឥទ្ធិពលលើការបោះឆ្នោត ដើម្បីជួយគាំទ្រលោក Prabowo។
តែយ៉ាងណាក្ដី ចៅក្រមបានសម្រេចថា មិនមានភស្តុតាងគាំទ្រដល់ការចោទប្រកាន់ទាំងនោះ។ ប្រធានចៅក្រម លោក Suhartoyo បានប្រាប់ថា៖ «ញត្តិរបស់ដើមចោទមិនមានមូលដ្ឋានផ្លូវច្បាប់ទាំងស្រុងទេ»។ ហើយចៅក្រមលោក Arsul Sani បានលើកឡើងថា៖ «តុលាការមិនឃើញការពាក់ព័ន្ធណាមួយ រវាងការរួមចំណែកពីជំនួយសង្គម និងការបង្កើនសន្លឹកឆ្នោត សម្រាប់បេក្ខជនណាមួយនោះឡើយ»៕