
យន្តហោះរបស់លោក Tayyip Erdogan បានចុះចតនៅទីក្រុង Baghdad ហើយ នាថ្ងៃចន្ទ (ទី២២ ខែមេសា) នេះ ដោយនេះគឺជាការចាប់ផ្តើមដំណើរទស្សនកិច្ចដ៏កម្រមួយទៅកាន់ប្រទេសអ៊ីរ៉ាក់របស់ប្រធានាធិបតីទួរគី ដែលធ្វើឡើងក្នុងគោលបំណងឲ្យមានទំនាក់ទំនងឡើងវិញ រវាងប្រទេសជិតខាងមជ្ឈិមបូព៌ាទាំង២ ខណៈមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការសន្តិសុខប្រឆាំងនឹងពួកសកម្មប្រយុទ្ធឃឺដ PKK ថាមពល និងពាណិជ្ជកម្ម។
ដំណើរទស្សនកិច្ចរបស់លោក Erdogan ដែលត្រូវបានទន្ទឹងរង់ចាំជាយូរមកហើយនោះ គឺជាលើកទី១ របស់មេដឹកនាំទួរគី គិតចាប់តាំងពីឆ្នាំ២០១១ និងបន្ទាប់ពីមានភាបរង្គោះរង្គើ ក្នុងទំនាក់ទំនងជាច្រើនឆ្នាំ នៅពេលដែលទីក្រុងអង់ការ៉ាបានបង្កើនប្រតិបត្តិការឆ្លងព្រំដែនប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ PKK ដែលមានមូលដ្ឋានភាគច្រើននៅក្នុងតំបន់ភ្នំភាគខាងជើងអ៊ីរ៉ាក់។
អ៊ីរ៉ាក់បានលើកឡើងថា ប្រតិបត្តិការបែបនេះរំលោភលើអធិបតេយ្យភាពរបស់ខ្លួន និងបានសម្លាប់ជនស៊ីវិល ប៉ុន្តែទួរគីនិយាយថា ខ្លួនត្រូវតែការពារខ្លួនប្រឆាំងនឹងក្រុម PKK ដែលខ្លួន សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតបានចាត់ថា ជាក្រុមភេរវករ។
កិច្ចសហប្រតិបត្តិការលើគម្រោងសេដ្ឋកិច្ចធំៗជាច្រើន ក៏ត្រូវបានលើកយកមកពិភាក្សាដែរ ហើយជាមួយគ្នានេះ មន្ត្រីអ៊ីរ៉ាក់ និងទួរគីបានប្រាប់ឲ្យដឹងថា អនុស្សរណៈនៃការយោគយល់គ្នាចំនួនជាង ២០ នឹងត្រូវបានចុះហត្ថលេខាអំឡុងពេលដំណើរទស្សនកិច្ច ១ថ្ងៃរបស់លោក Erdogan នេះ៕