
មេដឹកនាំកោះតៃវ៉ាន់ នៅថ្ងៃចន្ទ (ទី២២ ខែមេសា) បាននិយាយថា កោះតៃវ៉ាន់នឹងធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បី «ការពារសន្តិភាព និងសេរីភាព» នៅក្នុងតំបន់ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានអនុម័តជំនួយយោធារាប់ពាន់លានដុល្លារ សម្រាប់ទីក្រុងតៃប៉ិ នៅចំពោះមុខការបង្កហេតុកាន់តែខ្លាំងឡើងៗរបស់ប្រទេសចិន។
គួរបញ្ជាក់ថា សភាតំណាងរាស្រ្តអាមេរិក កាលពីថ្ងៃទី២០ ខែមេសា បានអនុម័តសេចក្ដីស្នើច្បាប់ចំនួន៤ ក្នុងកញ្ចប់ថវិកាចំនួន ៩៥ពាន់លានដុល្លារ ដោយអនុម័តផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន និងជួយពង្រឹងការការពាររបស់អ៊ីស្រាអែល។
ជាមួយគ្នានេះ ទឹកប្រាក់ប្រមាណ ៨ពាន់លានដុល្លារអាមេរិក នៅក្រោមសេចក្ដីស្នើច្បាប់មួយ នឹងត្រូវប្រើប្រាស់ដើម្បីទប់ទល់ជាមួយចិនដែលអះអាងថា តៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន និងដែលបានប្តេជ្ញាថា នឹងនាំយកកោះប្រជាធិបតេយ្យឲ្យមកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។
កាលពីថ្ងៃអាទិត្យ (ទី២១ ខែមេសា) ក្រសួងការពារជាតិកោះតៃវ៉ាន់ បានឲ្យដឹងថា ទឹកប្រាក់ប្រហែល ១,៩ពាន់លានដុល្លារអាមេរិក ត្រូវបានបម្រុងទុកសម្រាប់ការបំពេញបន្ថែមឧបករណ៍យោធា និងការហ្វឹកហ្វឺនរបស់ខ្លួន ហើយ ២ពាន់លានដុល្លារផ្សេងទៀត នឹងត្រូវប្រើប្រាស់ជា «ហិរញ្ញប្បទានយោធាបរទេស» សម្រាប់ប្រទេសក្នុងតំបន់ ក្នុងនោះរួមទាំងកោះតៃវ៉ាន់ផងដែរ។
ការប្រកាសនេះក៏កើតមានឡើងផងដែរតែប៉ុន្មានថ្ងៃមុនរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ធ្វើទស្សនកិច្ចនៅប្រទេសចិន ដោយការធ្វើដំណើរទៅនោះសង្ឃឹមថា នឹងអាចដាក់សម្ពាធលើក្រុងប៉េកាំងឲ្យឈប់ផ្ដល់ការគាំទ្រក្នុងសម័យសង្គ្រាម សម្រាប់ប្រទេសរុស្ស៊ី៕