ភ្នំពេញ÷ ថ្ងៃចន្ទទី 22 ខែមេសាឆ្នាំ 2024 លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី 8 នៃរដ្ឋសភាអញ្ជើញចូលរួមនៅក្នុងកិច្ចសន្ទនាសមាជិកសភាអាស៊ី និងអារ៉ាប់ស្ដីពីការផ្ដល់ភាពអង់អាចដោយយុវជននិងសមភាពយេនឌ័រដើម្បីសម្រេចបានរបៀបវារៈឆ្នាំ 2030 ដែលប្រព្រឹត្តទៅនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
កិច្ចពិភាក្សានេះបានផ្ដោតសំខាន់ទៅលើវិស័យចំនួន 3 គឺ ការទទួលបានការអប់រំ ការងារសមរម្យ សុខភាពនិងសមភាពយេននឌ័រក្នុងស្រទាប់យុវជន ដោយឈរលើគោលគំនិត ដើម្បីផ្ដល់ភាពអង់អាចដល់យុវជន វាចាំបាច់ណាស់ដែលទៅផ្ដល់នូវឱកាសទទួលបានការអប់រំសមស្របដើម្បីអាចសម្របខ្លួននៅក្នុងទីផ្សារការងារនិងទទួលបានការងារសមរម្យ។
លើសពីនេះទៅទៀត យុវជនក៏ត្រូវទទួលបានសេវាថែទាំសុខភាពក្នុងគ្រាអាសន្ន ឧទាហរណ៍ដូចជា ក្នុងបរិបថនៃជំងឺរាតត្បាត ជម្លោះប្រដាប់អាវុធ សិទ្ធិនិងសុខភាពបន្តពូជ អំពើហិង្សាលើភេទ ដែលសុទ្ធតែជាសេវាសំខាន់ៗមិនអាចខ្វះបានសម្រាប់យុវជន។









