រដ្ឋបាលអាកាសធាតុកោះតៃវ៉ាន់ និយាយថា ការរញ្ជួយដីជាង៨០លើក ដែលជាការរញ្ជួយដីខ្លាំងក្លារកម្រិត៦,៣រ៉ិចទ័រ បានអង្រួនឆ្នេរភាគខាងកើតរបស់កោះនេះ កាលពីយប់ថ្ងៃចន្ទទី២២មេសា និងនៅព្រឹកថ្ងៃអង្គារនេះ។ ការរញ្ជួយនេះ បានធ្វើឲ្យរញ្ជួយអគារជាច្រើននៅក្នុងទីក្រុងតៃប៉ិ ។

ការរញ្ជួយទាំងនេះ បានអង្រួននៅលើតំបន់ហ័រលៀន(Hualien)ភាគខាងកើតរបស់កោះនេះ ជាទីដែលធ្លាប់មានគ្រោះរញ្ជួយដីកម្រិត៧,២រ៉ិចទ័រ សម្លាប់មនុស្សយ៉ាងហោចណាស់១៧នាក់ កាលពីថ្ងៃទី៣ខែមេសា ។ ប្ដីប្រពន្ធជនជាតិសិង្ហបុរីមួយគូ គឺលោក ស៊ីម វី កុក (Sim Hwee Kok)និងអ្នកស្រី ណែវ ស៊ីវ ចូ (Neo Siew Choo) នៅតែបាត់ខ្លួននៅឡើយរហូតមកដល់ពេលនេះ ។គេជឿថាពួកគេបានបាត់ខ្លួននៅតាមតំបន់ជ្រលងភ្នំ សាកាតាំង ត្រេល (Shakadang Trail)។

គួររម្លឹកថាមានរលករញ្ជួយរាប់រយលើកបានអង្រួនកោះតៃវ៉ាន់ ចាប់តាំងពីមានការរញ្ជួយដីកាលពីខែដើមខែមេសាមក។
យានយកដ្ឋានពន្លត់អគ្គិភ័យ ក្នុងស្រុកហ័រលៀន បាននិយាយនៅព្រឹកថ្ងៃអង្គារនេះថា សណ្ឋាគារមួយ ដែលបានរងខូចខាតស្រាប់ក្នុងការរញ្ជួយដីកាលពីថ្ងៃទី៣មេសា នោះ ពុំអាចដំណើរការបានទៀតទេរហូតមកដល់ពេលនេះដោយសារផ្អៀងស្ទើរមួយចំហៀង។ សូមបញ្ជាក់ថាការរញ្ជួយដីចុងក្រោយកាលពីថ្ងៃចន្ទសប្ដាហ៍នេះ ពុំបានបណ្ដាលឲ្យមនុស្សស្លាប់ឬរបួសទេ។
យោងតាមរដ្ឋបាលអាកាសធាតុកណ្ដាល ការរញ្ជួយលើកដំបូង មានកម្រិត៥,៥រ៉ិចទ័រ បានវាយប្រហារកាលពីថ្ងៃចន្ទ នៅម៉ោងប្រហែល៥និង៨នាទីល្ងាច។
ហើយការរញ្ជួយដីបន្តបន្ទាប់ទៀត បានកើតឡើងនៅម៉ោងប្រហែល២កន្លះព្រឹកថ្ងៃអង្គារនេះ។ គួររម្លឹកថា មនុស្សជាង១០០នាក់ បានស្លាប់ក្នុងគ្រោះរញ្ជួយដីមួយនៅភាគខាងត្បូងកោះតៃវ៉ាន់ កាលពីឆ្នាំ២០១៦ ខណៈការរញ្ជួយដីកម្រិត៧,៣រ៉ិចទ័រ មួយផ្សេងទៀត កាលពីឆ្នាំ១៩៩៩ បានឆក់យកជីវិតមនុស្ស ជាង២.០០០នាក់៕