បេសកជនមួយរូបរបស់ប្រទេសចិន បានអំពាវនាវឱ្យសហរដ្ឋអាមេរិកធ្វើការជាមួយប្រទេសចិន និងស្វែងរកមធ្យោបាយត្រឹមត្រូវដើម្បីឲ្យចុះសម្រុងគ្នាជាមួយចិន ក្នុងយុគសម័យថ្មី ដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

លោកបាននិយាយថា សម្រាប់ការបន្តធ្វើទំនើបកម្មរបស់ចិន និងការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ បរិយាកាសអន្តរជាតិប្រកបដោយសន្តិភាព គឺជាកត្តាចាំបាច់ និងទំនាក់ទំនងប្រកបដោយស្ថិរភាពរវាងប្រទេសចិន និងសហរដ្ឋអាមេរិក គឺជារឿងសំខាន់ណាស់។

បេសកជនរូបនេះបាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយភាគីសហរដ្ឋអាមេរិក និងចាត់វិធានការជាក់ស្តែងដើម្បីអនុវត្តការឯកភាពដ៏សំខាន់ដែលសម្រេចបានរវាងប្រមុខរដ្ឋទាំងពីរ ដើម្បីប្រែក្លាយ ចក្ខុវិស័យទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ "San Francisco Vision" ឱ្យក្លាយជាការពិត និងដឹកនាំទំនាក់ទំនងឆ្ពោះទៅមុខតាមគន្លងនៃការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងនិរន្តរភាព។

លោក Xie បានលើកឡើង៥ចំណុចទាក់ទងទំនាក់ទំនងរវាងចិន-អាមេរិក ដោយនិយាយថា ភាគីទាំងពីរគួរតែរួមគ្នាអភិវឌ្ឍការយល់ឃើញត្រឹមត្រូវចំពោះគ្នាទៅវិញទៅមក គ្រប់គ្រងការខ្វែងគំនិតគ្នាប្រកបដោយប្រសិទ្ធភាព ជំរុញកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកប្រកបដោយទំនួលខុសត្រូវ ជាប្រទេសមហាអំណាច និងជំរុញការផ្លាស់ប្តូរប្រជាជនទៅប្រជាជន។
លោក ហ្វឹងស៊ី ( Feng Xie)និយាយថា ទំនាក់ទំនងចិន-អាមេរិក មិនអាចត្រលប់ទៅអតីតកាលបានទេ ប៉ុន្តែប្រទេសទាំងពីរអាចរួមគ្នាឆ្ពោះទៅអនាគតដ៏ត្រចះត្រចង់។ ក្តីសង្ឃឹមស្ថិតនៅលើយុវជន ដែលត្រូវបានគេស្គាល់ថាមានភាពរឹងមាំ ភាពច្នៃប្រឌិត និងឆន្ទៈក្នុងការធ្វើសកម្មភាព។
លោកបានលើកទឹកចិត្តយុវជនអាមេរិកឱ្យធ្វើដំណើរទៅកាន់ប្រទេសចិន រួមចំណែកប្រកបដោយប្រាជ្ញាឈ្លាសវៃអំពីរបៀបដែលប្រទេសទាំងពីរអាចចុះសម្រុងគ្នា និងជំរុញការផ្លាស់ប្តូរ ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីបង្កើតអនាគតមួយដែលមានសន្តិភាព និងវិបុលភាពយូរអង្វែងសម្រាប់យើងទាំងអស់គ្នា៕