មេដឹកនាំយោធាជាន់ខ្ពស់មួយរូបរបស់ប្រទេសចិនបានប្រកាន់ជំហរដ៏តឹងរ៉ឹងលើជម្លោះទឹកដីក្នុងតំបន់ ដោយប្រាប់ព្រឹត្តិការណ៍ប្រមូលផ្តុំកងទ័ពជើងទឹកអន្តរជាតិនៅភាគឦសានប្រទេសចិនកាលពីថ្ងៃចន្ទទី២២មេសាសប្ដាហ៍នេះថា ប្រទេសនេះនឹងវាយបកវិញដោយកម្លាំង ប្រសិនបើផលប្រយោជន៍របស់ខ្លួនស្ថិតនៅក្រោមការគំរាមកំហែងណាមួយនោះ។

កិច្ចប្រជុំប្រចាំឆ្នាំលើកទី១៩នៃសន្និសិទកងទ័ពជើងទឹកប៉ាស៊ីហ្វិកខាងលិច បានបើកនៅក្នុងទីក្រុង កំពង់ផែឈីងតាវ(Qingdao)ជាមូលដ្ឋានទ័ពកងកម្លាំងទ័ពជើងទឹកភាគខាងជើង របស់ប្រទេសចិន ដែលកំពុងធ្វើសកម្មភាពដ៏រស់រវើកក្នុងការពង្រីកយោធាដ៏ធំរបស់ប្រទេសចិនក្នុងរយៈពេលពីរទស្សវត្សកន្លងមក ដែលបានមើលឃើញថាខ្លួនសាងសង់ឬជួសជុលនាវាផ្ទុកយន្តហោះចំនួនបី។

កិច្ចពិភាក្សារយៈពេលពីរថ្ងៃបានទាក់ទាញតំណាងមកពីដៃគូ និងដៃគូប្រកួតប្រជែង រួមមាន អូស្ត្រាលី កម្ពុជា ឈីលី បារាំង ឥណ្ឌា និងសហរដ្ឋអាមេរិក ហើយកើតឡើងស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើងលើសកម្មភាពអះអាងសិទ្ធិគ្រប់គ្រងរបស់ចិននៅច្រកសមុទ្រតៃវ៉ាន់ សមុទ្រចិនខាងកើត និងខាងត្បូង ខណៈកងទ័ពជើងទឹករបស់ចិន បានរីកចម្រើនទៅជាអង្គភាពកងទ័ពដ៏ធំបំផុតរបស់ពិភពលោកតាមរយៈចំនួនអង្គភាពរួមរបស់ខ្លួន ។

លោក ចាង យ៉ូស្ហា (Zhang Youxia) អនុប្រធានគណៈកម្មការយោធាមជ្ឈិមបក្សកុម្មុយនិស្តកំពុងកាន់អំណាចដែលគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធបាននិយាយអំពី ការអភិវឌ្ឍន៍រួម ហើយបាននិយាយថា ការបំបែកបំបាក់គ្នា ការប៉ះទង្គិចគ្នា និងការប្រឈមដាក់គ្នា នឹងបានត្រឹមតែធ្វើឲ្យពិភពលោកបែកបាក់ទៅជាប្រជុំកោះដាច់ពីគ្នាដោយព្យាយាមប្រជែងគ្នាទៅវិញទៅមកព្រោះតែការសង្ស័យ។
បន្ទាប់មកលោកបានងាកទៅរកការអះអាងសិទ្ធិគ្រប់គ្រងទឹកដីរបស់ប្រទេសចិនដែលមិនត្រូវបានទទួលស្គាល់នៅក្រោមច្បាប់អន្តរជាតិ ហើយក្នុងករណីខ្លះត្រូវបានបដិសេធ។ទីក្រុងប៉េកាំងពុំអើពើរ សេចក្តីសម្រេចដែលខ្លួនមិនពេញចិត្ត ជាពិសេសនៅក្នុងសមុទ្រចិនខាងត្បូង កំពុងមានជម្លោះជាមួយភាគី៥ប្រទេសផ្សេងទៀតលើកោះ ផ្លូវទឹក និងធនធានបាតសមុទ្រ៕