ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បើកវគ្គបណ្តុះបណ្តាលស្តីពីគរុកោសល្យ វិធីសាស្រ្តនៃការបង្រៀន និងការគ្រប់គ្រងថ្នាក់រៀន ជំហានទី២ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ ។

បើតាមលោក ប៊ុនថន សុខាណារិទ្ធ នាយកស្តីទីសាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ បានឲ្យដឹងថា ជាចក្ខុវិស័យកម្មវិធីបណ្តុះបណ្តាលគ្រូនេះ ដាក់មកដើម្បីរួមចំណែកកសាងជួរគ្រូបង្រៀន ឱ្យមានសមត្ថភាពជំនាញសតវត្សរ៍ទី២១ ដោយផ្តោតលើចំណេះដឹងវិជ្ជាជីវៈ ជំនាញវិជ្ជាជីវៈ ក្រមសីលធម៌វិជ្ជាជីវៈ និងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ដើម្បី ចូលរួមចំណែកដល់ការអភិវឌ្ឍធនធាន មនុស្សលើវិស័យ សិល្បៈ វប្បធម៌ ផង និងចំណេះដឹងទូទៅផង ឱ្យមានលក្ខណៈសម្បត្តិពេញលេញ សម្រាប់កសាងសង្គមពុទ្ធិ និង វិបុលភាព ដល់ក្មេងជំនាន់ក្រោយ។

តាមកម្មវិធីដែលបានគ្រោងទុក សម្រាប់វគ្គបណ្តុះបណ្តាលលើកនេះ សាលាបានកំណត់យកមុខវិជ្ជាធំៗរួមមាន៖ ទី១.ការគ្រប់គ្រងថ្នាក់រៀន (ដោយមានបែងចែកមុខវិជ្ជា ប្រភេទនិងទម្រង់នៃការរៀបចំថ្នាក់រៀន ការកំណត់ និងការប្រើប្រាស់សម្ភារៈឧបទ្ទេស និងការអនុវត្ត)។ ទី២.កិច្ចតែងការបង្រៀន(ដោយមានបែងចែកមុខវិជ្ជា ទ្រឹស្តីឬនិយមន័យទាក់ទង និងកិច្ចតែងការ ប្រភេទនៃកិច្ចតែងការ និងការអនុវត្ត)។ សម្រាប់វគ្គនេះ សាលា បាន កំណត់ ជ្រើសយកលោកគ្រូ-អ្នកគ្រូ និងបុគ្គលិករដ្ឋបាលសិក្សាដែលធ្លាប់ទទួលការបណ្តុះបណ្តាលនៅជំហាន១ ក្រុម១ ឆ្នាំ២០២៣ សរុបចំនួន៨៥រូប ក្នុងនោះសិក្ខាកាម ជាស្រ្តី មាន ចំនួន ២៥រូប មកពីសាលាមធ្យមវិចិត្រសិល្បៈ ដើម្បីយកមកបណ្តុះបណ្តាលបន្តនូវជំហាន២ ក្រុម១ នាឆ្នាំ២០២៤នេះ។

ការបើកវគ្គបណ្តុះបណ្តាលនាពេលនេះ ក្នុងគោលបំណង ផ្សាភ្ជាប់ទៅនឹងគោលនយោបាយ និងផែនការយុទ្ធសាស្រ្តស្តីពីការអប់រំ របស់ក្រសួងអប់រំ និងយុវជន និងកីឡា និងគោលនយោបាយជាតិ ស្តីពីវប្បធម៌ ដោយផ្តោតសំខាន់ទៅលើ៖ ធានាឱ្យការអប់រំមានគុណភាព ប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា,ធានាភាពស័ក្តិសិទ្ធនៃភាពជាអ្នកដឹកនាំ និងគ្រប់គ្រងរបស់មន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់ និងធានាគុណភាពក្នុងការសាបព្រួសចំណេះដឹងដល់អ្នកបន្តវេនសិល្បៈឲ្យទទួលបានចំណេះ ជំនាញច្បាស់លាស់អាចយកទៅបម្រើដល់កិច្ចការងារសង្គម និងជីវភាពគ្រួសារ និងរួមចំណែកក្នុងការអភិរក្ស ជំនាញមរតកដូនតាខ្មែរ។

ឯកឧត្តម ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងថា សូមសម្ដែងនូវការដឹងគុណ និងស្ញប់ស្ញែង ចំពោះវីរភាពនៃការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដឹកនាំ និងកសាងប្រទេសតាំងពីបាតដៃទទេ រហូតធ្វើឱ្យ ប្រទេសជាតិមានការរីកចម្រើនដូចសព្វថ្ងៃ។ ទន្ទឹមនឹងនោះដែរ រាជរដ្ឋាភិបាលថ្មីដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានដាក់ចេញនូវគោលនយោបាយជាតិថ្មី ដើម្បីបន្តបុព្វហេតុការពារសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

នៅក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តកំណត់យកនយោបាយអភិវឌ្ឍធនធានមនុស្ស ជាអាទិភាពក្នុងចំណោមអាទិភាពទាំង៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ វគ្គបណ្ដុះបណ្ដាលនេះ ក៏ជាការបន្តរួមចំណែកធ្វើឱ្យគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលទទួលបានជោគជ័យ ជាពិសេសក្នុងក្របខ័ណ្ឌ នៃការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យវប្បធម៌៕ អត្ថបទ រដ្ឋា

