សហភាពអឺរ៉ុប បានចាប់ផ្តើមការស៊ើបអង្កេតលើកម្មវិធីវីដេអូខ្លីមួយរបស់ ទីកតុក (TikTok) ឈ្មោះថា ទីកតុក ឡៃត៍ (TikTok Lite) ហើយបានគំរាមផ្អាកមុខងារ ដែលផ្តល់រង្វាន់ដល់អ្នកប្រើប្រាស់សម្រាប់ការមើល និងចុចប៊ូតុងចូលចិត្តលើវីដេអូ «ព្រោះធ្វើឱ្យអ្នកប្រើប្រាស់ញៀននឹងលេងអេបនេះ» ស្របពេលមានការព្រួយបារម្ភអំពីសុវត្ថិភាពកុមារ។

អេប TikTok Lite បានទៅដល់ប្រទេសបារាំង និងអេស្ប៉ាញ ក្នុងខែមីនា ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ទទួលបានពិន្ទុដែលអាចប្តូរជាទំនិញ ដូចជាប័ណ្ណ ឬកាតចាប់រង្វាន់តាមរយៈមុខងាររង្វាន់របស់កម្មវិធីនេះ។

គណៈកម្មការអឺរ៉ុបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ខ្លួនមានការព្រួយបារម្ភអំពី «ហានិភ័យនៃការខូចខាតធ្ងន់ធ្ងរសម្រាប់សុខភាពផ្លូវចិត្តរបស់អ្នកប្រើប្រាស់» របស់អេបនេះ រួមទាំងអនីតិជនផងដែរ។
អេប TikTok Lite គឺជាកំណែតូច ឬជាបណ្ដាញរបស់កម្មវិធី TikTok ដ៏ពេញនិយម ដោយប្រើអង្គចងចាំតិចជាងមុននៅក្នុងស្មាតហ្វូន និងដំណើរការបានល្អទោះជាអ៊ីនធឺណិតយឺតក៏ដោយ។ គណៈកម្មការអឺរ៉ុបនិយាយថា TikTok កាលពីសប្តាហ៍មុនបានបរាជ័យក្នុងការផ្តល់នូវការវាយតម្លៃហានិភ័យត្រឹមថ្ងៃផុតកំណត់ទី១៨ ខែមេសា ដោយទាមទារឱ្យក្រុមហ៊ុនផ្តល់របាយកាណ៍ត្រឹមថ្ងៃអង្គារ (២៣ មេសា) នេះ។

គណកម្មការកំពុងគំរាមដាក់វិធានការបណ្ដោះអាសន្នរួមទាំងការផ្អាកមុខងារផ្តល់រង្វាន់ក្នុងសហភាពអឺរ៉ុប «ដោយរង់ចាំការវាយតម្លៃសុវត្ថិភាពរបស់ខ្លួន»។ TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន បៃឌែនត៍ (ByteDance) របស់ប្រទេសចិន មានពេលរហូតដល់ថ្ងៃពុធ ដើម្បីដាក់ការការពារជាផ្លូវការប្រឆាំងនឹងវិធានការបែបនេះ៕