ប្រធានទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃច័ន្ទ (២២ មេស) ថា រដ្ឋធានីរបស់ប្រទេសហៃទី ត្រូវបានកាត់ផ្តាច់ស្ទើរតែទាំងស្រុងដោយការបិទផ្លូវអាកាស សមុទ្រ និងផ្លូវគោក ខណៈដែលអំពើហឹង្សារបស់ក្រុមជនអន្ធពាលកាន់តែខ្លាំងក្លាឡើង ដោយបញ្ឈប់ការផ្ដល់ជំនួយដល់កុមារចំនួន ៥៨.០០០ ដែលមានទម្រង់គំរាមកំហែងដល់អាយុជីវិតបំផុតដោយសារកង្វះអាហារូបត្ថម្ភ។

នាយកប្រតិបត្តិអង្គការ យូនីសេហ្វ (UNICEF) លោកស្រី ខាធើរីន រ៉ាស់សែល (Catherine Russell) បាននិយាយថា កុមារពីរភាគបីក្នុងប្រទេសហៃទី ត្រូវការជំនួយ ហើយស្ត្រី និងកុមារីកំពុងត្រូវបានគេកំណត់គោលដៅជាមួយនឹង «កម្រិតដ៏ខ្លាំងក្លា» នៃអំពើហិង្សាយេនឌ័រ និងផ្លូវភេទ ហើយសមាជិកក្រុមប្រដាប់អាវុធពី ៣០ ទៅ ៥០ ភាគរយមានកុមារនៅក្នុងក្រុម។

បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកប្រទេសហៃទី បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា «ចាប់តាំងពីថ្ងៃទី០៨ ខែមីនា ប្រជាជនហៃទី ជិត ១០០.០០០ នាក់បានចាកចេញពីទីក្រុងព័រអូប្រ៉ាំង ទៅកាន់តំបន់នានា ដោយរត់គេចពីអំពើហិង្សា។ អសន្តិសុខស្បៀងក៏នៅតែមាននៅទូទាំងប្រទេសដែរ ដោយពាក់កណ្តាលនៃចំនួនប្រជាជនទទួលរងពីអសន្តិសុខស្បៀងយ៉ាងធ្ងន់ធ្ងរ»។
ក្រុមជនអន្ធពាលហៃទី ដែលភាគច្រើនបានប្រមូលផ្តុំគ្នាជាក្រុមក្រោមសម្ព័ន្ធភាពឈ្មោះ «វីវ អុងសុន» (Viv Ansanm) ឬហៅថា «រស់នៅជាមួយគ្នា» បាននិយាយថា ការឡោមព័ទ្ធរបស់ពួកគេលើរដ្ឋធានី គឺដើម្បីបណ្តេញលោកនាយករដ្ឋមន្ត្រី អារីយ៉ែល ហង់រី (Ariel Henry) ប៉ុន្តែចាប់តាំងពីការប្រកាសចេញពីតំណែងរបស់លោក ការវាយប្រហារកើនឡើងកាន់តែខ្លាំងជាងមុន៕