អ៊ីស្រាអែល បានរៀបចំផែនការវាយប្រហារធំជាងនេះទៅលើអ៊ីរ៉ង់ ប៉ុន្តែបានហៅវាមកវិញ បន្ទាប់ពីមានសម្ពាធខ្លាំងពីសម្ព័ន្ធមិត្តរបស់ខ្លួន រួមទាំងសហរដ្ឋអាមេរិកផងដែរ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់អ៊ីស្រា អែលដែលបាននិយាយទៅកាន់សារព័ត៌មានThe New York Times។

មន្ត្រីបីនាក់ដែលនិយាយដោយអនាមិក ដោយសារតែភាពរសើបនៃកិច្ចពិភាក្សានោះ បានប្រាប់សារព័ត៌មាន Times ថា មេដឹកនាំអ៊ីស្រាអែល បានពិចារណាពីការវាយប្រហារគោលដៅយោធាជាច្រើន នៅទូទាំងប្រទេសអ៊ីរ៉ង់ រួមទាំងមួយចំនួន នៅជិតរដ្ឋធានីតេអេរ៉ង់ផងដែរ។

ការវាយប្រហារតបតនេះ គឺជាការសងសឹកចំពោះអ៊ីរ៉ង់ ដែលបាញ់មីស៊ីល និងយានដ្រូន ជាង៣០០ គ្រឿង ទៅកាន់អ៊ីស្រាអែល ក្នុងការវាយប្រហារដែលមិនធ្លាប់មានពីមុនមក ដែលយោងទៅតាមកងកម្លាំងការពារអ៊ីស្រាអែល ៩៩% បានស្ទាក់ចាប់ មុនពេលពួកវាទៅដល់គោលដៅ។
ការវាយប្រហារនេះ បានធ្វើឡើង បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី១ ខែមេសា ដែលសន្មតថា ជារបស់អ៊ីស្រាអែល ទៅលើទីតាំងការទូតរបស់អ៊ីរ៉ង់នៅទីក្រុងដាម៉ាស ( Damascus) ប្រទេសស៊ីរី ដែលបណ្តាលឲ្យមន្ត្រីយោធាអ៊ីរ៉ង់ជាច្រើននាក់ ស្លាប់។
សារព័ត៌មានTimes បានរាយការណ៍ថា ទីបំផុតអ៊ីស្រាអែល បានជ្រើសរើសការធ្វើការវាយប្រហារមានកំណត់បន្ថែមទៀត នៅថ្ងៃសុក្រ ដែលជៀសវាងការបង្កការខូចខាតធ្ងន់ធ្ងរ បន្ទាប់ពីលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) និងរដ្ឋមន្ត្រីការបរទេសអង់គ្លេស និងអាល្លឺម៉ង់ បានជំរុញឲ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បង្ហាញពីការអត់ធ្មត់។