បាល់ទាត់៖ ក្រុមបឹងកេតបានទទួលជ័យជម្នះលើកទី៦ ជាប់គ្នា បន្ទាប់ពីយកឈ្នះក្រុមភ្ញៀវនគរបាលជាតិដោយលទ្ធផល ២-០ ក្នុងក្របខណ្ឌលីគកំពូលកម្ពុជាកាលពីល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។ ជ័យជម្នះនេះបានធ្វើឲ្យក្រុមនាគខៀវ មានឱកាសការពារតំណែងជើងឯកខ្ពស់ឡើងវិញ បន្ទាប់ពីការចាប់ផ្ដើមរដូវកាលបរាជ័យ ៣ប្រកួតផ្ទួនៗ។

ជំនួបបង្គ្រប់សប្ដាហ៍ទី១០ នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េនេះ ក្រុមបឹងកេតបានបើកការនាំមុខក្រុមភ្ញៀវ ២គ្រាប់មុនក្នុងរយៈពេល ៥នាទីនៃវគ្គទី១ ដែលធ្វើសម្រេចដោយកីឡាករ ម៉ាត់ នូរុណ នៅនាទី៣១ និងកីឡាករ Yamazaki Kenta នៅនាទី៣៥ ហើយលទ្ធផលនេះបានរក្សារហូតដល់ចប់ការប្រកួត បន្ទាប់ពីក្រុមទាំងពីរបានបន្ដវាយសម្រុកគ្នានៅវគ្គទី២ តែពុំមានគ្រាប់បាល់កើតឡើង។

ជ័យជម្នះនេះបានធ្វើឲ្យក្រុមជើងឯក ៤សម័យបឹងកេតរំកិលឡើងឈរលេខ៥ និងមាន ១៨ពិន្ទុក្នុងដៃជាមួយការប្រកួត ៩លើកឈ្នះ ៦ និងចាញ់ ៣ ហើយកាត់បន្ថយគម្លាតពិន្ទុពីក្រុម Top-4 ត្រឹម ១ពិន្ទុ និង ២ពិន្ទុប៉ុណ្ណោះ។ ចំណែកក្រុមនគរបាលជាតិនៅតែមិនទាន់ស្គាល់ជ័យជម្នះដោយរក្សា ១ពិន្ទុក្នុងដៃស្មើក្រុមបាតតារាងសូលទីឡូអង្គរ បន្ទាប់ពីឆ្លងកាត់ ៦ប្រកួតស្មើ ១ និងចាញ់ ៥ប្រកួត៕
អត្ថបទ៖ លី ឈុនឡា