កំពង់ឆ្នាំង៖ នៅថ្ងៃទី២៣ ខែមេសា នេះ អាជីវករផ្សារសមុទ្រទឹកសាប ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្ត កំពង់ឆ្នាំង បានស្នើសុំរដ្ឋបាលស្រុក និងខេត្តជួយរៀបចំសណ្តាប់ធ្នាប់ដោយការបញ្ឈប់ការលក់ដូរនៅមុខ ផ្សារ ដែលធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ សោភ័ណភាព និងប៉ះពាល់អនាម័យបរិស្ថានផងដែរ ។
ក្រុមអាជីវករ បាននិយាយថា មកដល់ពេលនេះ អ្នកស្ម័គចិត្តចូលលក់ក្នុងផ្សារថ្មីនេះ មានជាង១៥០តូប រយៈពេលជិត៤ឆ្នាំហើយ ប៉ុន្តែការលក់ដូរមិនដំណើរការទៅមុខសោះ ដោយសារតែមានអាជីវករមួយចំនួន មិនព្រមចូលលក់ក្នុងផ្សារ និងបានរំលោភយកដីខាងមុខផ្សារ និងតាមផ្លូវជាតិលេខ៥២សេ ធ្វើជាតូបលក់ ដូរអចិន្ត្រៃយ៍ នាំឱ្យបាត់បង់សណ្តាប់ធ្នាប់ សោភ័ណភាព និងបរិស្ថាន ជាពិសេសធ្វើឱ្យប៉ះពាល់ដល់ការ លក់ដូររបស់អាជីវករនៅក្នុងផ្សារ ។ កន្លងមក ការរៀបចំសណ្តាប់ធ្នាប់បានធ្វើឡើងជាច្រើនលើក ពីសំ ណាក់រដ្ឋបាលឃុំឆ្នុកទ្រូ តែពុំមានប្រសិទ្ធភាពឡើយ ព្រោះពួកគេមិនបានស្តាប់តាមការណែនាំរបស់អាជ្ញា ធរឃុំនោះទេ។
អាជីវករលក់ក្នុងផ្សារទាំងអស់ ស្នើសុំអាជ្ញាធរស្រុក និងខេត្ត ជួយការរៀបចំសណ្តាប់ធ្នាប់ សោភ័ណភាព បរិស្ថានឡើងវិញ ។
លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ បានឱ្យដឹងថា កន្លងមក អាជ្ញាធរឃុំបានចុះរៀបចំសណ្តាប់ធ្នាប់ សោភ័ណភាព បរិស្ថានជាច្រើនដង ដើម្បីឱ្យអាជីវករចូលលក់ក្នុងផ្សារសមុទ្រទឹកសាប តែពុំទទួលបាន ជោគជ័យឡើយ។ ការរៀបចំលើកក្រោយនេះ នឹងត្រូវអនុវត្តវិធានការរដ្ឋបាលហើយ ដោយមានការចូលរួម ពីអាជ្ញាធរស្រុក ខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធផងដែរ ៕ ដោយ ៖ ហុងវាសនា








