អង្គការឧតុនិយមពិភពលោក (WMO) របស់អង្គការសហប្រជាជាតិបាននិយាយថា អាស៊ីគឺជាតំបន់ដែលរងគ្រោះដោយគ្រោះមហន្តរាយច្រើនជាងគេបំផុតលើពិភពលោក ដោយសារគ្រោះថ្នាក់ទាក់ទងនឹងអាកាសធាតុកាលពីឆ្នាំមុន ជាមួយនឹងទឹកជំនន់ និងព្យុះដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសច្រើនជាងគេ។
នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ (២២ មេសា) អង្គការឧតុនិយមពិភពលោក បាននិយាយថាគ្រោះមហន្តរាយចំនួន ៧៩ ករណីដែលទាក់ទងនឹងព្រឹត្តិការណ៍ឧតុនិយមត្រូវបានរាយការណ៍នៅក្នុងទ្វីបអាស៊ី ក្នុងឆ្នាំ២០២៣។ ច្រើនជាង ៨០ ភាគរយនៃចំនួននេះគឺទាក់ទងទៅនឹងទឹកជំនន់ និងព្យុះដែលបណ្តាលឱ្យមនុស្សស្លាប់ជាង ២.០០០ នាក់ ។
យោងតាម អង្គការឧតុនិយមនេះបានឱ្យដឹងថា អាស៊ីកំពុងឡើងកម្ដៅលឿនជាងមធ្យមភាគពិភពលោក។ កាលពីឆ្នាំមុន សីតុណ្ហភាពជាមធ្យមខ្ពស់ត្រូវបានកត់ត្រាពីភាគខាងលិចស៊ីបេរី ទៅអាស៊ីកណ្តាល ក៏ដូចជាពីភាគខាងកើតប្រទេសចិន ទៅប្រទេសជប៉ុន។
របាយការណ៍ក៏បានគូសបញ្ជាក់ផងដែរថា ផ្ទាំងទឹកកកភាគច្រើននៅក្នុងតំបន់ភ្នំខ្ពស់ក្នុងទ្វីបអាស៊ី បានបាត់បង់ម៉ាសយ៉ាងច្រើនដោយសារតែសីតុណ្ហភាពខ្ពស់ និងលក្ខខណ្ឌស្ងួតកម្រិតបំបែកកំណត់ត្រា៕