ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃចន្ទ (ទី២២ ខែមេសា) បាននិយាយថាលោកបានសម្តែងការដឹងគុណ ចំពោះប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden សម្រាប់ការគាំទ្រនិងភាពជាអ្នកដឹកនាំ នៅក្នុងការសន្ទនាតាមទូរសព្ទ។
លោក Zelensky ដែលសរសេរនៅលើកម្មវិធីផ្ញើសារ Telegram បាននិយាយថា លោកបានកត់សម្គាល់នៅក្នុងការសន្ទនាអំពីតួនាទីរបស់ប្រធានសភាតំណាងរាស្រ្ត លោក Mike Johnson និងមេដឹកនាំសំឡេងភាគតិចនៃរដ្ឋសភា លោក Hakeem Jeffries ក្នុងការធានាបាននូវការអនុម័តសេចក្ដីស្នើច្បាប់ជំនួយយោធាដ៏សំខាន់ សម្រាប់ប្រទេសអ៊ុយក្រែន។
ក្រោយមក នៅក្នុងសុន្ទរកថាតាមវីដេអូនាពេលយប់របស់លោក លោក Zelensky បាននិយាយថា ច្បាប់ដែលនៅតែត្រូវអនុម័តដោយព្រឹទ្ធសភាអាមេរិក និងចុះហត្ថលេខាដោយលោក Biden នោះ បានបញ្ជាក់យ៉ាងច្បាស់ថា អ៊ុយក្រែននឹងទទួលបាន ATACMS (ប្រព័ន្ធមីស៊ីលតាកទិចកងទ័ព) ដែលខ្លួនបានប្រឹងប្រែងស្វែងរកជាយូរមកហើយ។
មេដឹកនាំប្រទេសអ៊ុយក្រែនរូបនេះ បានប្រាប់ថា៖ «នៅក្នុងកិច្ចព្រមព្រៀងស្តីអំពី ATACMS សម្រាប់អ៊ុយក្រែន ព័ត៌មានលម្អិតទាំងអស់ គឺមានហើយ។ សូមអរគុណលោកប្រធាន អរគុណសភា អរគុណសហរដ្ឋអាមេរិក»។
សូមបញ្ជាក់ថា ប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់ព្រឹទ្ធសភាអាមេរិក លោក Mark Warner បានប្រាប់កម្មវិធី Face The Nation របស់ប្រព័ន្ធផ្សព្វផ្សាយ CBS កាលពីថ្ងៃទី២១ ខែមេសាថា ATACMS ស្ថិតក្នុងចំណោមយុទ្ធោបករណ៍ដែលគួរតែធ្វើដំណើរទៅកាន់អ៊ុយក្រែន ក្នុងសប្តាហ៍នេះ៕