ទាហានហុងឌូរ៉ាស បានរឹបអូសកូកាអ៊ីនជាង ២,៧ តោន ដែលរត់ពន្ធក្នុងទូកល្បឿនលឿន ក្នុងសមុទ្រការ៉ាអ៊ីប។
អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធ លោក Santos Nolasco បាននិយាយថា កញ្ចប់ជាង ២.៧០០ ដែលកញ្ចប់នីមួយៗមានទម្ងន់មួយគីឡូក្រាម ត្រូវបានរកឃើញកាលពីល្ងាចថ្ងៃអាទិត្យ នៅក្នុងតំបន់Gracias a Dios ភាគខាងកើត។
លោកបានបន្តថា កាកូអ៊ីនទាំងនេះ ត្រូវបានរកឃើញនៅក្នុងទូកចំនួនពីរគ្រឿង និងនៅលើឆ្នេរមួយ ដោយលោកបានបន្ថែមថា អាជ្ញាធរកំពុងស្វែងរកកញ្ចប់លាក់ទុកផ្សេងទៀត។
ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ ហុងឌូរ៉ាស គឺជាចំណុចឆ្លងកាត់សម្រាប់ការរត់ពន្ធកូកាអ៊ីនពីអាមេរិកខាងត្បូង ទៅកាន់សហរដ្ឋអាមេរិក។
អតីតប្រធានាធិបតីហុងឌូរ៉ាស លោក Juan Orlando Hernandez ត្រូវបានកាត់ទោសនៅក្នុងតុលាការសហរដ្ឋអាមេរិកកាលពីខែមុនពីបទសមគំនិត ក្នុងការនាំចូលកូកាអ៊ីន។
បុរសអាយុ ៥៥ឆ្នាំរូបនេះ ត្រូវបានគេធ្វើបត្យាប័នទៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២២ ដោយចោទប្រកាន់ពីបទជួយអ្នករត់ពន្ធគ្រឿងញៀនជាថ្នូរនឹងការសំណូករាប់លានដុល្លារ។
លោក Hernandez ដែលរដ្ឋអាជ្ញាអាមេរិក បាននិយាយថា បានប្រែក្លាយប្រទេសរបស់លោកទៅជា «រដ្ឋគ្រឿងញៀន» អំឡុងពេលលោកកាន់តំណែងជាប្រធានាធិបតីឆ្នាំ ២០១៤-២០២២ ប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិត។