ភ្នំពេញ ៖ក្នុងជំនួបរវាងសម្ដេចប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តមប្រធានរដ្ឋឡាវ ភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការឆ្លើយតបទៅនឹងបញ្ហាកំពុងកើតឡើងពីការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ។
ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានរដ្ឋសភា។
នាឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានសម្តែងការស្វាគមន័៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ប្រធានរដ្ឋឡាវ ក្នុងការបំពេញទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជា ដើម្បីជជែក និងពិផាក្សាការងារពង្រឹងទំនាក់ទំនងចំណងមិត្តភាព ជាប្រពៃណី ទំនាក់ទំនងភាពជាដៃគូដែលមានលក្ខណៈជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលជាការពង្រឹងមិត្តភាពបន្តទៅលើវិស័យនានា។
ជាការឆ្លើយតប ឯកឧត្តមប្រធានរដ្ឋឡាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការស្វាគមន៍យ៉ងកក់ក្តៅ និងបានសម្តែងការរីករាយជាខ្លាំងដែលបានបំពេញទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជាជាថ្មីម្តងទៀត ដើម្បីជួបជាមួយថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា ខណៈថ្ងៃនេះឯកឧត្តមប្រធានរដ្ឋឡាវ បានក្រាបបង្គំគាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។
ភាគីទាំងពីរ បានរំលេចពីទំនាក់ទំនងទ្វេភាគីតាំងពីយូរអង្វែង រាប់តាំងពីសម័យក្រោមព្រះរាជដឹកនាំរបស់ព្រះបរមរតនកោដ្ឋ ដែលបានដណ្តើមឯករាជ្យពីអាណានិគមបារាំង និងប្រទេសទាំងពីរបានបន្តសហការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក មិនថាក្នុងក្របខណ្ឌនីតិបញ្ញត្តិ ឬនីតិប្រតិបត្តិ។
ជាការកត់សម្គាល់ ភាគីទាំងពីរ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីរៀនសូត្រពីគ្នាទៅវិញទៅមកស្របតាមការវិវឌ្ឍន័៍យុគសម័យថ្មីឱ្យកាន់តែមានភាពរឹងមាំ និងធន់ឆ្លើយតបបញ្ហាផ្សេងៗដែលកើតមានឡើង មិនថាបញ្ហាសន្តិសុខបែបប្រពៃណី បញ្ហាសន្តិសុខមិនមែនប្រពៃណី ការប្រែប្រួលអាកាសធាតុ ភាពរាំងស្ងួត និងការទប់ស្កាត់ការកើតឡើងនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយជុំវិញពិភពលោក។
(Inter Ok ១នាទី)
ដោយឡែក ចំពោះកិច្ចសហប្រតិបត្តិក្របខណ្ឌរដ្ឋសភា កាលពីចុងឆ្នាំ២០២៣កន្លងទៅ សម្តេចប្រធានរដ្ឋសភា បានចូលរួមកិច្ចប្រជុំកំពូលសភា កម្ពុជា ឡាវ និងវៀតណាម ដើម្បីជំរុះការអភិវឌ្ឍន៍នៅតំបន់ត្រីកោណ ជាពិសេសជំរុញគោលដៅអភិវឌ្ឍន័៍ទេសចរណ៍ ក្រោមពាក្យស្លោក ប្រទេស៣ក្នុងគោលដៅតែមួយ ដោយសារប្រទេសទាំង៣មានវប្បធម៌ចម្រុះ មានសក្កានុពលជាច្រើនដែលអាចសហការគ្នាទាក់ទាញ និងលើកកម្ពស់ទេសចរណ៍ សំដៅកាត់បន្ថយភាពក្រីក្រនៃប្រជាជនប្រទេសទាំង៣៕
អត្ថបទ ៖ សេក ឧត្តម









